ស្ថានទូតចិន៖ កម្ចី និងជំនួយស្ដារស្ពានថ្នល់រាប់ពាន់គីឡូម៉ែត្រ មិនមែនជាអន្ទាក់បំណុលទេ តែជាការសហការស្អាតស្អំ
ស្ថានទូតចិននៅកម្ពុជា កាលពីថ្ងៃទី ១១ មេសា កន្លងមកនេះ ចេញលិខិតមួយបញ្ជាក់ថា ប្រទេសចិនគ្មានគោលបំណងចង់ដាក់អន្ទាក់បំណុល ឬចង់រឹបអូសអធិបតេយ្យភាពពីកម្ពុជាឡើយ តែផ្ទុយទៅវិញកម្ចីនានាពីប្រទេសចិន គឺដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា តួយ៉ាងដូចជាហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់គីឡូម៉ែត្រទូទាំងប្រទេសដូចដែលបានឃើញស្រាប់។
ការចេញលិខិតនេះគឺដើម្បីឆ្លើយទៅនឹងវិទ្យុអាស៊ីសេរី ដែលបានលើកឡើងកាលពីថ្មីៗនេះថា កម្ចីចិនដែលផ្ដល់ឱ្យកម្ពុជា គឺល្មើសសិទ្ធិមនុស្ស ហើយនឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។
ជាការឆ្លើយតបក្នុងលិខិតស្ថានទូតចិន បានបកស្រាយដោយហេតុផល ៣ ចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១ ជំនួយ និងកម្ចីរបស់ចិន ល្មើសសិទ្ធិមនុស្សត្រង់ណា? តែផ្ទុយទៅវិញ កម្ចីទាំងនេះ បានជួយស្ដារសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាជនក្នុងស្រុកបានមួយចំណែកធំ។ កន្លងមក ចិនបានជួយស្ថាបនាផ្លូវជាង ៣០០០ គីឡូម៉ែត្រ ស្ពាន ៨ខ្សែ ផ្លូវជនបទ ២៥ខ្សែ ប្រវែងសរុបជាង ១៥៥ គីឡូម៉ែត្រ ជីកអណ្ដូង ១៨១០ កន្លែង និងស្រះទឹក ១២៧កន្លែង ផងដែរ។ ទាំងនេះសុទ្ធសឹងតែជួយដល់ការអភិវឌ្ឍន៍។
ទី ២ ប្រាក់កម្ចីរបស់ចិនដល់កម្ពុជាមិនមែនជាអន្ទាក់បំណុលទេ។ កន្លងមកចិន មិនធ្លាប់ប្រើកម្ចីជាលេសក្នុងការជ្រៀតជ្រែកការងារផ្ទៃក្នុង ឬគាបសង្កត់ប្រទេសណាមួយឡើយ។ ហើយមកទល់ពេលនេះ គ្មានប្រទេសណាមួយ រងទុកពីការសង់បំណុលចិនឡើយ។
ទី ៣ ចិនគ្មានបំណងចងដាក់មូលដ្ឋានយោធានៅកម្ពុជាទេ តែការប្រតិបត្តិការផ្នែកយោធារួមគ្នាកន្លងមក គឺដើម្បីការពារស្ថិរភាព និងសន្ដិសុខក្នុងតំបន់ប៉ុណ្ណោះ។ លើសពីនេះ ចិនក៏បានជួយដល់កងទ័ពកម្ពុជាជាច្រើន ជាក់ស្ដែងដូចជា វ៉ាក់សាំងកូវីដ១៩ កាលពីថ្មីនេះ ដែលនេះជាកិច្ចសហប្រត្តិបត្តិការស្អាតស្អំ។
ទាក់ទិននឹងបញ្ហាមូលដ្ឋានយោធាចិននៅកម្ពុជានេះ អត្ថបទវិភាគរបស់សារព័ត៌មានបរទេស The Diplomat កាលពីថ្មីៗនេះ បានលើកឡើងថា ឆ្នេររាមនៃក្រុងព្រះសីហនុ មិនមែនជាទីតាំងយុទ្ធសាស្រ្តរបស់ចិនក្នុងការដាក់មូលដ្ឋានយោធាជើងទឹក ដូចពាក្យចចាមអារាមនោះទេ។ អត្ថបទនេះសរសរ បានលើកហេតុផលធំៗ ៤ចំណុច មកបកស្រាយបញ្ហានេះ។(អានបន្ថែម)
ដោយឡែកជុំវិញបញ្ហាអន្ទាក់បំណុលវិញ រដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងជាច្រើនលើកច្រើនសារដូចគ្នាថា កម្ពុជានឹងមិនធ្លាក់ក្នុងបំណុលចិនទេ ព្រោះបច្ចុប្បន្នបំណុលគឺនៅទាបណាស់ ហើយកម្ពុជាចេះគ្រប់គ្រងបំណុលរបស់ខ្លួនបានល្អ។ (អានបន្ថែម)
- Video Advertisement -