ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំសង់បានជាង៥០%ហើយ

ដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ  ដែលមានអគារស្នាក់នៅមន្រ្តីរាជការ  ផ្លូវប្រភេទ “ឃ” អគារវេទិកា សួន ការ៉ូឡា ភ្លើងបំភ្លឺសាធារណៈ បណ្តាញបំពង់រត់ខ្សែអគ្គិសនី និងបណ្តាញទូរគមនាគមន៍ក្រោមដី គិតមកដល់ពេល​នេះ សម្រេចបានជាង៥០%ហើយ។

នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ  និងវាយតម្លៃការអនុវត្តកិច្ចសន្យានៃការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  និងក្រុមហ៊ុនសាង​សង់  កាលពីថ្ងៃទី១៧ មិថុនា ២០២១ ដឹកនាំដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ បានឲ្យដឹងថា បច្ចុប្បន្នអគារស្នាក់ ៦អគារ សាងសង់សម្រេចបាន ៦០ភាគរយ ផ្លូវប្រភេទ “ឃ” សង់សម្រេចបាន ៣០ភាគរយ ខណៈការដាក់បង្គោលភ្លើង ការ៉ូឡា សួនច្បារ លូ បណ្តាញអគ្គសនី និងបណ្តាញទូរគម​នាគមន៍ ក៏សម្រេចបានតាមការរំពឹងទុក។

នាឱកាសនោះដែរ លោកឧកញ៉ា លី ឈួង តំណាងក្រុមហ៊ុនសាងសង់  លី  ឈួង សំណង់ និងអាហរ័ណ នីហរ័ណ ក៏បានរាយការណ៍ថា ការងារនេះក្រុមហ៊ុនលោកបានអនុវត្តន៍ទៅតាមគម្រោងប្លង់ និងទៅតាមផែនការអភិវឌ្ឍខេត្ត។ ជាក់ស្តែង ជាលទ្ធផលគិតមកដល់ពេលនេះដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ  គឺសម្រេចបានក្នុងដំណាក់កាលទី១ សរុប៥៤% ដោយប្រកាន់ភ្ជាប់នូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ត្រឹមត្រូវ។

បើទោះជាដំណើការសាងសង់សម្រេចតាមលទ្ធផលដែលបានកំណត់ និងសំណង់មានគុណភាពល្អហើយក្តី ក៏តំណាងក្រសួងសេដ្ឋកិច្ច និងហិររញ្ញវត្ថុ បានបន្តស្នើឱ្យក្រុមហ៊ុនបន្តពង្រឹងគុណភាពបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាព និងសោភ័ណភាពសំណង់ឱ្យកាន់តែប្រសើរ និងធានាការប្រើប្រាស់បានយូរអង្វែង៕

- Video Advertisement -