ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅសៀមរាប បច្ចុប្បន្នសាងសង់សម្រេចជាង ៨០%ហើយ
ទោះបញ្ហាកូវីដមិនទាន់ស្ងប់ស្ងាត់ក្ដី គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនៅតែដំណើរការដោយរលូន ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូលសម្រេចបានប្រមាណ ៨០% ហើយ។ នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលថ្ងៃទី១៣ ខែតុលាេ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គម្រោងទាំងមូលអាចនឹងបិទការដ្ឋាននៅចុងឆ្នាំ ហើយគ្រោងនឹងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំក្រោយ។
យ៉ាងណា លោកបន្តថា៖ «នៅលើដងផ្លូវ ៣៨ខ្សែ ដែលកំពុងសាងសង់នេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន យកធ្វើកន្លែងលក់ដូរអនាធិបតេយ្យ និងចតយានយន្ដគ្មានសណ្ដាប់ធ្នាប់»។
ហេតុនេះ រដ្ឋបាលខេត្តបានព្រមានម្ដងហើយម្ដងទៀត ឱ្យពលរដ្ឋកុំបំពានដីចំណីផ្លូវ និងចិញ្ចើមផ្លូវ ពោលគឺដើម្បីសម្រួលដល់ដំណើរការសាងសង់។ (អានបន្ថែម)
https://www.construction-property.com/km/siem-reap-authority-bans-parking-and-street-vendors-on-sidewalks-of-38-roads/
គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ផងដែរ។
ការដ្ឋានសាងសង់ផ្លូវនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន។

