អតីតព្រលានយន្តហោះកំពត នឹងត្រូវប្រើសម្រាប់អភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត

អតីតអាកាសយានដ្ឋានខេត្តកំពត នឹងត្រូវបានប្រើសម្រាប់គម្រោងវិនិយោគ ផ្គត់ផ្គង់ទឹកស្អាត ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ។

រដ្ឋបាលខេត្តកំពតបានសម្រេចប្រគល់ដីនៃអតីតអាកាសយានដ្ឋាន ទំហំ៥ហិកតា ស្ថិតនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្ត៍ ដើម្បី​អភិវឌ្ឍន៍​គម្រោងផ្គត់ផ្គង់ទឹកស្អាត។

លោក ភូ លិ អភិបាលខេត្តរងកំពត បានប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យនៅថ្ងៃទី ១៧ នេះថា ទីតាំងអតីតព្រលានយន្តហោះកំពត ដែលបច្ចុប្បន្ននៅសល់ប្រមាណ ៧ ហិកតា ត្រូវ​បាន​កាត់​ ៥ ហិកតាចេញ សម្រាប់វិនិយោគគម្រោងផ្គត់ផ្គង់ទឹកស្អាត ទៅឲ្យក្រសួងឧស្សាហកម្ម។

លោកថ្លែងថា៖ “គម្រោងនេះពិតជាមានមែន ហើយដីទំហំ ៥ ហិកតា បាន​កាត់​ទៅ​ក្រសួង​សម្រាប់​គម្រោង​វិនិយោគផ្គត់ផ្គង់ទឹកស្អាត រួចហើយ។ ប៉ុន្តែមិនទាន់មានការវិនិយោគលើគម្រោងនេះនៅលើទេ។”

លោកបន្ថែមថា កន្លងមកមានក្រុមហ៊ុនមកពីប្រទេសចិន ធ្លាប់​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​វិនិយោគ​​ផ្គត់ផ្គង់ទឹកស្អាត នៅលើគម្រោងនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ធ្វើ​ឲ្យ​គម្រោង​ស្នើ​ដោយ​ក្រុមហ៊ុន​ចិន​ បានផ្អាកបណ្តោះអាសន្នទៅវិញ។

ទាក់ទងនឹងការបង្កើនផ្គត់ផ្គង់ទឹកស្អាតនេះ លោក ភូ លិ បញ្ជាក់ថា៖ “នៅក្នុងខេត្ត ការ​ផ្គត់​ផ្គង់​ទឹក​មិន​ទាន់​មាន​ការខ្វះខាតនៅឡើយទេ ប៉ុន្តែការវិនិយោគគម្រោងផ្គត់ផ្គង់ទឹកស្អាត ជាការ​គិត​គូរ​របស់​​រដ្ឋបាល​ខេត្ត​ដល់​ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ប្រើប្រាស់ នៅពេលមានតម្រូវការកើនឡើងខ្លាំង ព្រោះ​ខេត្ត​កំពត​ គឺជាទិសដៅទេសចរណ៍មាត់​សមុទ្រដ៏ទាក់ទាញមួយ”៕

- Video Advertisement -