អន្តរក្រសួងកំពុងសិក្សា និងច្នៃគំរូរៀបចំទីក្រុងឆ្លាតវៃពីសិង្ហបុរី មកប្រើឱ្យត្រូវនឹងសង្គមកម្ពុជា

អន្តរក្រសួងកំពុងសិក្សា និងកែច្នៃគំរូការរៀបចំទីក្រុងឆ្លាតវៃពីប្រទេសសិង្ហបុរី មកប្រើប្រាស់ឱ្យស័ក្តិសមនឹងបរិបទសង្គមកម្ពុជា គោលដៅបង្កើតទីក្រុងដែលមិនត្រឹមតែជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ តែសំខាន់គឺត្រូវតែងាយស្រួលរស់នៅតាមបែបផែនរបស់ខ្មែរ។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ផែនការអភិវឌ្ឍទីក្រុងសំខាន់ៗមួយចំនួន ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតបណ្ដាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ផងដែរ។

ផែនការនេះត្រូវបានបង្ហាញ ក្នុងសន្និសីទអនឡាញស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ» ដែលធ្វើឡើងកាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅ ។

សន្និសីទនេះ រៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហការជាមួយ ក្រសួងមុខងារសាធារណៈ សាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College) និង មូលនិធិ Temasek អន្តរជាតិ ហើយចូលរួមដោយអភិបាល-អភិបាលរងរាជធានី ខេត្ត សរុបប្រមាណជាង ២០០នាក់។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា៖ «ការសិក្សារៀនសូត្រពីប្រទេសជឿនលឿនដូចជាសិង្ហបូរី ជាចំណុចល្អក្នុងការប្រមូលធាតុចូល។ ប៉ុន្តែយ៉ាងណាក្ដី គំរូរៀបចំទីក្រុងឆ្លាតវៃ នឹងត្រូវកែច្នៃឱ្យស្របនឹងបរិបទសង្គមខ្មែរ»។

«ពាក្យថាទីក្រុងឆ្លាតវៃ មិនមែនជឿនលឿនផ្នែកឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងស្រួលរស់នៅតាមបែបផែនសង្គមកម្ពុជា»។

គួរបញ្ជាក់ផងដែរថា កន្លងមកមានខេត្តមួយចំនួនដែលរដ្ឋាភិបាលបានជ្រើសរើសជាទិសដៅសក្ដានុពលសម្រាប់គម្រោងទីក្រុងឆ្លាតវែ ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -