អាជីវកម្មផ្នែកសំណង់ចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានទុនប្រមាណ ១ប៊ីលានដុល្លារ
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ១៤.៦៧៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៤,៦៧០ លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំនៃការដាក់ដំណើរការ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់មាន ២១,៦ភាគរយ ឬប្រមាណ ១ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។
ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៦៨១លានដុល្លារ ឬស្នើនឹង ១៤,៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យសកម្មភាពអចលនទ្រព្យ មានប្រមាណ ៨,៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប ១៤.៦៧៦ ក្រុមហ៊ុន។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ បើគិតត្រឹមខែសីហា មានក្រុមហ៊ុនសរុប ៧.៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម និងមានទុនវិនិយោគសរុប ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ និងអចលនទ្រព្យមានដល់ទៅ ១,២ ប៊ីលានដុល្លារ។ (អានបន្ថែម)

