អាជ្ងាធរជាតិអប្សរាព្រមានឱ្យបញ្ឈប់ការទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ងាធរជាតិអប្សរាបានប្រកាសដាក់កំហិតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសទិញលក់ដីធ្លីក្នុងតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។

អាជ្ញាធរជាតិអប្សរាបានប្រកាសព្រមានដូច្នេះ ក្រោយរកឃើញមានការបង្ហោះក្នុងហ្វេសប៊ុកអំពីការលក់ដីក្នុងតំបន់អង្គរកាលពីថ្មីៗនេះ។

ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពទិញលក់ដីក្នុងតំបន់អង្គរ គឺផ្ទុយនឹងច្បាប់ក្នុងព្រះរាជក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

«សម្រាប់តំបន់១ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត ដោយឡែក តំបន់២ ជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារមិនឱ្យប្រើប្រាស់ដីធ្លីផ្តេសផ្តាស»។

«ដូច្នេះ អ្នកដែលកំពុងទិញលក់ដីនៅក្នុងតំបន់ការពារទាំងនោះ ត្រូវឈប់ជាបន្ទាប់ ដើម្បីឱ្យអាជ្ញាធរងាយស្រួលអនុវត្តការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព»។

គួរបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរជាក់លាក់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដាក់ចូលក្នុងកម្មវិធី Google Earth ក្នុងទូរសព្ទដៃឬ កុំព្យូទ័ររបស់លោកអ្នក។

ក្នុងករណីមានចម្ងល់ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬគណនីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា Apsara National Authority ៕

- Video Advertisement -