អាមេរិកកៀរគរទុនជាង $៦០០ពាន់លាន សង់ផ្លូវភ្ជាប់ពីអឺរ៉ុបមកអាស៊ី ដើម្បីប្រជែងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន
សហរដ្ឋអាមេរិក សហការជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងដៃគូ G20 ផ្សេងទៀត បានបង្ហាញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរទ្វីបដ៏ធំ ដែលមានការប៉ាន់ស្មានថាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦00 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ មានគោលបំណងបង្កើតបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទូលំទូលាយ ដើម្បីប្រកួតប្រជែងនឹងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដ៏មហិមារបស់ប្រទេសចិន នេះបើយោងតាមព័ត៌មានរបស់ cfr ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។
កិច្ចព្រមព្រៀងគោលការណ៍នេះត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី បង្ហាញពីយុគសម័យថ្មីនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល។ យោងតាមលោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ដែលអមដំណើរលោកប្រធានាធិបតី Joe Biden នៅក្នុងកិច្ចប្រជុំកំពូលនោះ គម្រោងដ៏ធំនេះគ្របដណ្តប់លើផែនការអភិវឌ្ឍដ៏ទូលំទូលាយ រួមមាន ការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ត្រៀមខ្លួនដើម្បីបើកផ្លូវពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញដោយរលូន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះរួមបញ្ចូលការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យថាមពល និងការគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាទំនើបផងដែរ។
ចំណុចចាប់ផ្តើមនៃគម្រោងដ៏មហិមានេះ ផ្តោតលើការពង្រឹងការតភ្ជាប់ផ្លូវដែកឆ្លងកាត់ប្រទេសអារ៉ាប់ ដោយលាតសន្ធឹងចូលទៅក្នុងឈូងសមុទ្រពែក្ស និងភ្ជាប់ចូលទៅដល់ប្រទេសអ៊ីស្រាអែល។ ចក្ខុវិស័យដ៏អស្ចារ្យនេះ ក៏រួមបញ្ចូលផងដែរនូវការពង្រីកផ្លូវសមុទ្រ ការប្រើប្រាស់កំពង់ផែរបស់ប្រទេសឥណ្ឌា និងអ៊ីស្រាអែល ដើម្បីបង្កើតទំនាក់ទំនងដ៏សំខាន់ជាមួយបណ្តាប្រទេសអឺរ៉ុប។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Mitchell បានគូសបញ្ជាក់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិកនេះថា “វានឹងបង្កើតការតភ្ជាប់ដោយផ្ទាល់ និងសំខាន់រវាងឥណ្ឌា និងអឺរ៉ុប ដោយឆ្លងកាត់តំបន់អារ៉ាប់ និងអាស៊ីបស្ចិម។”
លោក Michael Kugelman អ្នកជំនាញខាងតំបន់អាស៊ីខាងត្បូងនៅមជ្ឈមណ្ឌល Wilson Center បានកត់សម្គាល់ថា “គម្រោងពង្រីករបស់សហរដ្ឋអាមេរិកនេះ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ ដើម្បីប្រកួតប្រជែងជាមួយការខិតខំប្រឹងប្រែងនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ One Belt One Road របស់ប្រទេសចិន។”
ទាក់ទងនឹងការប្រៀបធៀបគម្រោងទាំងពីរនេះ លោកប្រធានាធិបតីអាមេរិក ចូ ប៉ៃដិន ( Joe Biden) ក៏ធ្លាប់បានរិះគន់ពីគំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិនយ៉ាងធ្ងន់ៗផងដែរ ដោយចាត់ទុក “គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននេះ គ្រាន់តែជាយុទ្ធសាស្ត្រពង្រីក និងបម្រើតែផលប្រយោជន៍ចិនតែប៉ុណ្ណោះ។”
លោកបានគូសបញ្ជាក់ពីបញ្ហានៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននេះ ជារឿយៗ ប្រទេសដែលចូលរួមជាច្រើនជំពាក់បំណុលចិន ហើយប្រឈមនឹងហានិភ័យបាត់បង់អធិបតេយ្យភាពរបស់ខ្លួនដោយសារជាប់បំណុលចិនវណ្ឌក។
គួរំលឹកថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ គេសម្គាល់ឃើញថាជាគំនិតផ្តួចផ្តើម Build Back Better World (B3W) គឺជាឈ្មោះថ្មីនៃគំនិតផ្តួចផ្តើម “ភាពជាដៃគូសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសកល (Partnership for Global Infrastructure and Investment , PGII)” ដែលលោកចូ បៃដិន បានស្នើឡើងកាលពីឆ្នាំ២០២១។ តាមរយៈគំនិតផ្តួចផ្តើមនេះ សេតវិមានក៏ធ្លាប់បានប្រកាសពីផែនការចាយប្រាក់ ២០០ពាន់លានដុល្លារសម្រាប់ PGII ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយរួមបញ្ចូលគ្នានូវជំនួយ ហិរញ្ញប្បទានសហព័ន្ធ និងការវិនិយោគផ្នែកឯកជន។ ក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស G7 គោលដៅដ៏មានមហិច្ឆតានេះ គឺធ្វើយ៉ាងណាកៀរគរថវិកា ឱ្យបានចំនួន ៦០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៧ ដើម្បីយកមកចូលរួមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពិភពលោក៕
- Video Advertisement -