អាមេរិក ចង់បានព្រលានសម្រាប់យន្តហោះប្រភេទប៊ូអ៊ីង (Boeing) ចុះចតនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បង្ហាញចេតនាចូលរួមវិនិយោគ និងលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដោយលើកសំណើធំៗមួយចំនួន រួមមាន៖ សំណើការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ចំពោះអាកាសចរស៊ីវិលកម្ពុជា និងការពង្រឹងពង្រីក កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិច។

សំណើទាំងនេះ ត្រូវបានលើកយកមកពិភាក្សា កាលពីដើមសប្ដាហ៍នេះ នាឱកាសដែលឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យ លោក W Patrick Murphy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជាចូលជួប និងសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង កិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត ។

ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពជា ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ សម្តែងការស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ផ្ទាល់។ ឯកឧត្តមបានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឯកឧត្តម ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ ប្រភេទ Boeing ដែរ ជាពិសេស ប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុកភាពក្នុងការធ្វើដំណើរ។

ដោយឡែកចំពោះសំណើគិតគូរពីអនុសញ្ញាខេបថោនដែរ (Cape Town Convention) ឯកឧត្តមម៉ៅ ហាវណ្ណាល់ បានស្នើឲ្យលោក ឯកអគ្គរដ្ឋទូត ផ្តល់អ្នកប្រឹក្សា និងជំនួយបច្ចេកទេសក្នុងដំណើរការនេះ។ ចំពោះរឿងកិច្ចព្រមព្រៀងផ្លូវអាកាសជាមួយសហរដ្ឋអាមេរិច ឯកឧត្តមបានរំលឹកថា មានការចរចា តាំងពីឆ្នាំ ២០១៤ មកម្លេះ។

ចំពោះបញ្ហាដែលនៅមិនទាន់ដាច់ស្រេច ពាក់ព័ន្ធនឹងការស្នើសុំធ្វើសេវាកម្មផ្ទៃដី លោកបានបញ្ជាក់ថា គួរក្រុមហ៊ុនអាមេរិចមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT។ ចំណែកខាងអាកាសចរស៊ីវិល រង់ចាំជួយសម្របសម្រួលជូន។

តបតាមការលើកឡើងនេះ ឯកឧត្តមអគ្គរដ្ឋទូត សហរដ្ឋអាមេរិក បានឱ្យដឹងថា លោកនឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក មកពិភាក្សាដោយផ្ទាល់ជាមួយក្រុមហុនវិនិយោគអាកាសយានដ្ឋានកម្ពុជា ព្រមទាំងនឹងរៀបចំអ្នកទំនាក់ទំនងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការផ្តល់សច្ចាប័នអនុសញ្ញា Cape Town។

សូមបញ្ជាក់ថា ចំពោះសំណើចង់ឱ្យមានអាកាសយានដ្ឋាន ដើម្បីដឹងពីស្ថានភាពសម្រាប់យន្តហោប៊ូអ៊ីងចុះចត ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានរាយការណ៍អំពី ការវិវត្តន៍វិស័យអាកាសចរស៊ីវិលនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេល Covid-19។ ដោយឡែកដំណើរការស្ថាបនា នៅតែមានប្រតិបត្តិការខ្លះៗជាធម្មតា។

ក្នុងនោះ ឯកឧត្តម ក៏បានលើកឡើងទៀតពាក់ព័ន្ធគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិធំៗថ្មី ដោយសារ៖ ទី១- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលក្ខណៈតូចចង្អៀត និងមានទីតាំងមិនអំណោយផល ពោលគឺនៅកៀកទីក្រុងពេក។ ទី២- អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានលក្ខណៈតូចចង្អៀតដែរ ជាពិសេសស្ថិតនៅជិតអង្គរវត្ត ដែលមានការការពារពី UNESCO។ និង ទី៣-ចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គឺយើងទុកលទ្ធភាពជូនក្រុមហ៊ុន SCA/VINCI ធ្វើការវិនិយោគពង្រីកបន្ថែមកម្រិតថ្នាក់4E ហើយនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ៕

- Video Advertisement -