អ្នកជំនាញបារាំងជួយកម្ពុជារៀបប្រព័ន្ធស៊ីក្លូត្រុង ដើម្បីពង្រឹងការព្យាបាលជំងឺមហារីកនៅពេទ្យកាល់ម៉ែត
ស្ថិតក្នុងជំហានដ៏សំខាន់មួយសម្រាប់ការថែទាំជំងឺមហារីកក្នុងប្រទេសកម្ពុជា អ្នកជំនាញបារាំងកំពុងសហការជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីរៀបចំ និងដំណើរការប្រព័ន្ធស៊ីក្លូត្រុងដ៏ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជម្រើសនៃការព្យាបាលដ៏ទំនើបសម្រាប់អ្នកជំងឺមហារីកទូទាំងប្រទេសកម្ពុជា។
ក្នុងជំនួបនាពេលថ្មីៗនេះរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជាមួយ លោកប្រធាន Christian MERIAU, Directeur du GIP CYROI បានពិភាក្សាគ្នាអំពីការដំឡើង និងប្រតិបត្តិការប្រព័ន្ធស៊ីក្លូត្រុង។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងស្វែងរកការថែទាំដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយនូវការស្វែងរកការព្យាបាលនៅក្រៅប្រទេស។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុងបន្ថែមទៀត និងផ្លាស់ប្តូរផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងជាការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។
លោកសាស្ត្រាចារ្យ MERIAU បានសម្តែងនូវការសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្តសកល។ លោកបានគូសបញ្ជាក់ពីគោលដៅបន្ថែមរបស់គម្រោង ដែលរួមមានៈ
១. បណ្តុះបណ្តាលនិស្សិតកម្ពុជា និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាស៊ីក្លូត្រុង។
២. ផ្តល់ឱកាសកម្មសិក្សា និងស្រាវជ្រាវសម្រាប់និស្សិតដែលចាប់អារម្មណ៍លើការងារទាក់ទងនឹងស៊ីក្លូត្រុង។
៣. ជួយសម្រួលដល់ការដាក់ពង្រាយអ្នកជំនាញស៊ីក្លូត្រុង ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា។
៤. បានដឹកនាំការសាងសង់ និងដំណើរការមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត។
គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលជាវិជ្ជមានដល់អ្នកជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវលទ្ធភាពទទួលបានជម្រើសនៃការព្យាបាលកម្រិតខ្ពស់ដែលពីមុនមិនធ្លាប់មាននៅក្នុងប្រទេស។ នៅពេលដែលការស្ថាបនាមជ្ឈមណ្ឌលស៊ីក្លូត្រុងត្រូវបានសាងសង់រួចរាល់ វានឹងកំណត់ស្តង់ដារថ្មីមួយក្នុងការថែទាំជំងឺមហារីក ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
គួររំលឹកថា ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលស៊ីក្លូត្រុង ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ (អានបន្ថែម)
- Video Advertisement -