ឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង
សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅកម្ពុជាដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដើម្បីជាចំណងដៃបង្ហាញពីប្រវត្តិសាស្ត្រ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។
ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ មិថុនា ២០២០ នេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីកម្ពុជា ឲ្យពិនិត្យលើលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។
ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យ នៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់ផ្លូវ ដោយដាក់ឈ្មោះបុគ្គល ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ចំពោះការចំណាយលើការសាងសង់ គឺជាបន្ទុករបស់សាម៉ីជន ឬក្រុមហ៊ុន ឬរបស់ប្រទេសសាម៉ីនៃឈ្មោះថ្នាក់ដឹកនាំប្រទេសនោះ។
ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “ជាទូទៅ ឲ្យតែដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសណា ចំណាយលើការសាងសង់ជាបន្ទុករបស់ប្រទេសនោះ ឬឈ្មោះក្រុមហ៊ុននោះ ដូចជាករណីផ្លូវកាណាឌីយ៉ាចឹង គឺការចំណាយ របស់ក្រុមហ៊ុនកាណាឌីយ៉ា”។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមនេះ ដែលមានប្រយោជន៍ច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគរវាងប្រទេស ទាំងពីរផងដែរ។
គួរបញ្ជាក់ផងដែរថា មហាវិថីដែលត្រូវបានដាក់ឈ្មោះតំណាងឲ្យសម្ព័ន្ធភាពរវាងប្រទេសដទៃ រួមមាន មហាវិថីសហពន្ធ័រុស្ស៊ី មហាវិថីសាធារណរដ្ឋឆែក ផ្លូវហាណូយ មហាវិថីម៉ៅសេទុង ផ្លូវអាស៊ានលេខ១១ មហាវិថី សាធារណរដ្ឋប៉ូឡូញ មហាវិថីហ្សាដឺហ្គោល មហាវិថីហ្សាវ៉ាហារឡាល នេហ៍រុ ជាដើម៕

