ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ក្រោយមានការយឺតយ៉ាវ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងធនធានមនុស្ស ដើម្បីពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ ២ និង២២ តាមផែនការ ខណៈការងារបច្ចុប្បន្នទើបសម្រេចបាន ២៧% ប៉ុណ្ណោះក្រោយសាងសង់អស់រយៈពេលជាង ១៥ ខែ មកនេះ ពោលគឺយឺតជាងផែនការជិតពាក់កណ្ដាល។
ឯកឧត្តមបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យគុណភាពនៃការដ្ឋានផ្លូវទាំង ២ខ្សែនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា៖ «ផ្លូវទាំងនេះ ត្រូវសាងសង់ប្រើពេលសរុប ៣០ខែ ពេលនេះ ១៥ ខែ ហើយ គួរសម្រេចបានពាក់កណ្ដាល តែសម្រេចបានត្រឹមបាន ២៧% ប៉ុណ្ណោះ។ ដូច្នេះ ត្រូវតែពន្លឿន តែក៏ត្រូវមានគុណភាពដែរ»។
ឯកឧត្តមបន្ថែមថា៖ «ក្នុងករណីការយឺតយ៉ាវ ដោយសារវិបត្តិកូវីដ គ្រឿងចក្រជាប់នៅប្រទេសវៀតណាម រឿងហ្នឹងអាចពិភាក្សាគ្នាបាន ដោយឡែកចំពោះគុណភាពមិនអាចចរចាគ្នាបានជាដាច់ខាត់»។
លើសពីនេះ ក្រសួងក៏បានបង្កើតក្រុមការងារបច្ចេកទេសចំនួនពីរក្រុម ដែលមានភារកិច្ចចុះត្រួតពិនិត្យឆ្មក់មិនឱ្យក្រុមហ៊ុនសាងសង់ដឹងជាមុន ដើម្បីធានាការសាងសង់ផ្លូវមានគុណភាពរឹងមាំ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ ២ និង ២២ ដែលត្រូវស្តារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិការប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
ផ្លូវទាំង ២ ខ្សែនេះ បានបើកការដ្ឋានតាំងពីដើមឆ្នាំ ២០២០ ដែលកំពុងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ AC (Asphalt Concrete) ហើយបែកចែកជា៣ កំណាត់ផ្លូវ ធំៗ គឺកំណាត់ទី១ ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ កំណាត់ទី២ ពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ និងកំណាត់ទី៣ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម។ (អានបន្ថែម)

