១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%
ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង ៥,៦៦លាននាក់ កើនឡើង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល – SSCA កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ដែលកំពុងដំណើរការគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិសីហនុ ទទួលបានអ្នកដំណើរសរុប ប្រមាណជាង ៥,៦៦លាននាក់។
ដោយឡែក ទិន្នន័យក៏បានបង្ហាញថា អាកាសយានដ្ឋានទាំងបី មានជើងហោះហើរចំនួន ៥២ ៩៥៤ជើង ក្នុងអំឡុងពេលខាងលើ កើនឡើង ១២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក បរិមាណទំនិញតាមផ្លូវអាកាស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ឈានដល់ ៧៤ ៩១២តោន ក្នុងអំឡុង ១០ខែនេះ ជាមួយអត្រាកំណើន ១៤%។ ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន៤ និងក្រុមហ៊ុនអន្តរជាតិចំនួន៣០ កំពុងប្រតិបត្តិការ ទៅនិងមក ពីអាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាជាប្រចាំ។
ជុំវិញរឿងនេះ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល – SSCA បានព្យាករណ៍ទុកមុនថា កម្ពុជា នឹងទទួលអ្នកដំណើរតាមផ្លូវអាកាសប្រហែល ៧,៥លាននាក់ សម្រាប់ឆ្នាំ២០២៥ នេះ ក្នុងអត្រាកើន ២០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ៕
- Video Advertisement -