៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៤៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១៦ ទិន្នន័យដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។

ត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិស័យដឹកជញ្ជូនចំនួន ២៥៤.១៩ លានដុល្លារអាមេរិក វិស័យថាមពលចំនួន ៧៥.២០ លានដុល្លារអាមេរិក វិស័យធារាសាស្ត្រចំនួន ១០១.៣៥ លានដុល្លារអាមេរិក វិស័យផ្គត់ផ្គង់ទឹកស្អាតចំនួន ៥១.៦៩ លានដុល្លារអាមេរិក និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតចំនួន ៦០.០៧ លានដុល្លារអាមេរិក។

ការដកសាច់ប្រាក់ជាក់ស្តែងសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទៅ៣ នេះ មានកំណើនប្រមាណ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមុន។

ដោយឡែក ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ រាជរដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៧១៧,៩០ លានដុល្លារអាមេរិកផងដែរ ដោយកើនឡើងប្រមាណ ២៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ដែរថា ក្នុងក្របខណ្ឌបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុប ចំនួន ៩,៤៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩,៨៩ % ត្រូវនឹងប្រមាណ ៩,៤៦ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៨% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣២%) និង ០,១១% ត្រូវ នឹងប្រមាណ ១០,១៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

- Video Advertisement -