កម្ពុជាជាប្រទេសទី១ ក្នុងតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF)
ប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។
នាឱកាសនោះ ឯកឧត្តម Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានស្វាគមន៍កម្ពុជា ខណៈកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសង្ឃឹមថាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។
តាមរយៈការដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នេះដែរ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃ ITF គឺបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងព័ស្តុភារកម្មនៅប្រទេសកម្ពុជា។
ឯកឧត្តមបន្ថែមថា ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន។
គួរបញ្ជាក់ដែរថា តាមរយៈវេទិកាដឹកជញ្ជូនអន្តរជាតិនេះ មន្រ្តីជាន់ខ្ពស់ក្រសួងរូបនេះ ក៏បានសង្កត់ធ្ងន់ថា ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងព័ស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មជាដើម៕

