កម្ពុជានឹងទិញយន្ដហោះចិនចំនួន ២០គ្រឿង ដើម្បីបង្កើនការតភ្ជាប់ដែនអាកាសរវាងប្រទេសទាំងពីរ
ក្រុមហ៊ុនកម្ពុជា Cambodia Airways គ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ប្រភេទ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿង ត្រូវបានបញ្ជាក់ពីការបញ្ជាទិញរួចរាល់ហើយ និង ចំនួន ១០គ្រឿងផ្សេងទៀត ស្ថិតក្នុងការបញ្ជាទិញបន្ទាប់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
លោក Wang Wenbin បានឱ្យដឹងថា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា អំពីផែកការទិញយន្តហោះនេះ បានធ្វើឡើងនៅថ្ងៃទី៨ កញ្ញា ២០២៥ ដោយក្រុមហ៊ុនកម្ពុជា Cambodia Airways និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC)។
លោកបន្តថា ភាគីទាំងពីរ គ្រោងនឹងសហការគ្នាលើការបញ្ជាទិញយន្តហោះ, ការគាំទ្រប្រតិបត្តិការ និងការបណ្ដុះបណ្ដាលផលិតកម្មជាដើម ខណៈលោកអះអាងទៀតថា ការបញ្ជាទិញនេះ គឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។
គួរបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនខាងលើ គឺធ្វើឡើងស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដែលអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 ទើបបើកឱ្យដំណើរការ នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ស្ថានទូតចិនប្រចាំកម្ពុជា ធ្លាប់បាបឱ្យដឹងថា រយៈពេល៧ខែឆ្នាំ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងឆ្នាំ២០២៤។ ស្ថានទូតបន្តថា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕ (អានបន្ថែម)

