កម្ពុជានឹងបង្កើនថាមពលចម្រុះឱ្យបាន ៣៥% ក្នុងឆ្នាំ២០៥០
កម្ពុជា បានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដែលមានគោលការណ៍អនុវត្តថាមពលស្អាត និងថាមពលកកើតឡើងវិញ ក្នុងការបង្កើនថាមពលចម្រុះឱ្យបាន ២៥% នៅឆ្នាំ២០៣០ និង៣៥% នៅឆ្នាំ២០៥០។
នេះបើតាម ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី “Pathway for Sustainable Energy Transition in Asia and Pacific” កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។
ថាមពលចម្រុះ សំដៅលើថាមពលបានមកពីថាមពលកកើតឡើងវិញ និងថាមពលមិនកកើតឡើងវិញ ដែលជាថាមពលបានមកពីពន្លឺព្រះអាទិត្យ ធ្យូងថ្ម ខ្យល់ វារីអគ្គសនីជាដើម។
ក្នុងវេទិការនេះ ឯកឧត្តមបានបន្ថែមថា ការកើនឡើងនៃនគរូបនីយកម្ម និងសំណង់ ការវិនិយោគពីបរទេស និងវិស័យទេសចរណ៍ បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា ដូចនេះ កម្ពុជាបាន និងកំពុងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៧) ដោយទី(១)ធានាឱ្យបានជាសកលនូវសេវាកម្មថាមពលទំនើប អាចទុកចិត្តបាន និងតម្លៃសមរម្យ ទី(២)ជំរុញ និងពង្រឹងការអនុវត្តថាមពលកកើតឡើងវិញ និងទី(៣) លើកកម្ពស់ប្រសិទ្ធភាពថាមពល។
ម្យ៉ាងទៀត ដើម្បីបង្កើនថាមពលចម្រុះនេះ កម្ពុជានឹងមិនបាច់សាងសង់រោងចក្រទំនប់វារីអគ្គិសនីថ្មីណាមួយនៅតាមដងទន្លេមេគង្គទេ ព្រមទាំងមិនអនុម័តរោងចក្រថាមពលប្រើដោយធ្យូងថ្មថ្មីបន្ថែមទៀតដែរ។ (អានបន្ថែម)
ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវក្នុងការបង្កើតចំណងកិច្ចសហប្រតិបត្តិការទាំងនៅថ្នាក់ជាតិ និងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកតម្រូវការហិរញ្ញប្បទាន និងការទទួលបានពីមូលនិធិហិរញ្ញវត្ថុផ្សេងៗ ជាពិសេសមូលនិធិអាកាសធាតុបៃតង (GCF)ដែលអាចរំពឹងទុកថានឹងអាចសម្រេចបាន និងទ្រង់ទ្រាយការវិនិយោគ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍ និងដំណើរការថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា។
គួររម្លឹកផងដែរថា ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងដល់ ៤០% នៃថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ ២០២១។ (អានបន្ថែម)
- Video Advertisement -