កម្ពុជានឹងមានផ្កាយរណប BeiDou GPS ជាង ៥៥០ គ្រឿង ដើម្បីចាប់បទល្មើសការដឹកជញ្ជូនខុសច្បាប់

រូបភាពដោយ: spacenews

ក្រុមហ៊ុនប្រព័ន្ធផ្កាយរណបចិន China Great Wall Industry Corporation (CGWIC) នឹងបើកការិយាល័យនៅកម្ពុជា នៅពេលឆាប់ៗនេះ ខណៈផ្កាយរណប BeiDou GPS ជាង ៥៥០ គ្រឿងក៏នឹងត្រូវបំពាក់ទូទាំងប្រទេស ដើម្បីបង្កើនសុវត្ថិភាពការដឹកជញ្ជូន និងចាប់បទល្មើសការដឹកជញ្ជូនខុសច្បាប់នានា។

នេះបើយោងតាមកិច្ចពិភាក្សារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនាយកក្រុមហ៊ុន CGWIC និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែឧសភា កន្លងមកនេះ។

ប្រព័ន្ធ Beidou GPS នេះ គឺបច្ចេកវិទ្យា GPS ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរាយការណ៍បញ្ហាផ្សេងៗ ដូចជាការដឹកទំនិញលើសទម្ងន់ ការបើកបរហួសល្បឿនកំណត់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម។

ជាក់ស្ដែង ក្រសួង និងក្រុមហ៊ុនសាជីវកម្ម (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីគម្រោងប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់នេះកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គោលបំណងនៃការប្រើប្រាស់ប្រព័ន្ធ BeiDou GPS នេះ គឺដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ក៏ដូចជាធានាសុវត្ថិភាពនៃការដឹកជញ្ជូននៅកម្ពុជា និងក្នុងតំបន់អាស៊ាន។

ឯកឧត្តមបន្តថា មកទល់បច្ចុប្បន្ន ផែនការកំពុងដំណើរទៅដោយរលូន ខណៈក្រុមហ៊ុនកំពុងត្រៀមបើកការិយាល័យនៅកម្ពុជា ហើយក្រសួងក៏បានត្រៀមលក្ខណៈជាស្រេចក្នុងការសហការលើការងារនេះ។

លើសពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនបំពាក់ BeiDou GPS ៥៥០គ្រឿង ឱ្យបានទាន់ពេលវេលា ដើម្បីយកជាគំរូទៅពិភាក្សាជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ ខាងមុខនេះ។

- Video Advertisement -