កម្ពុជានឹងរៀបចំកិច្ចប្រជុំពាក់ព័ន្ធវិស័យសំណង់ដ៏ធំមួយនៅខេត្តសៀមរាប

កម្ពុជាតាមរយៈសមាគមអ្នកសាងសង់កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាក់ព័ន្ធទៅនឹងវិស័យសំណង់ដ៏ធំមួយហៅថា «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន។ » ដែលនឹងត្រូវប្រព្រឹត្តឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។

សមាគមអ្នកសាងសង់កម្ពុជា (ស.ស.ក) ដែលជាអ្នករៀបចំកិច្ចប្រជុំខាងលើនេះបានឲ្យដឹងថា ក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ដែលតំណាងឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាងសង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានសម្រេចរៀបចំកិច្ចប្រជុំលើកទី ៤៧ របស់ខ្លួននៅប្រទេសកម្ពុជា។

តាមការបញ្ជាក់ពីលោក ជីវ ស៊ីវផេង នាយកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានស.ស.ក បានឲ្យដឹងថា ក្រុមប្រឹក្សា (ACF) សម្រេចជ្រើសរើសកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះគឺដោយសារវិស័យសំណង់នៅកម្ពុជាកំពុងមានការរីកលូតលាស់យ៉ាងខ្លាំង ហើយលើសពីនេះទៀតកម្ពុជាបច្ចុប្បន្នក៏កំពុងមានស្ថេរភាពនយោបាយក៏ដូចជាកំណើនសេដ្ឋកិច្ចដ៏រឹងមាំង។

កិច្ចប្រជុំខាងលើនេះ គឺនឹងប្រព្រឹត្តឡើងនៅឯសណ្ឋាគារ Angkor Miracle Resort & Spa ក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃ ទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ដែលនឹងដើរតួរជាវេទិការសមា្រប់ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យសំណង់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

«កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន» គឺនឹងផ្តល់ឱកាសដល់សមាជិកក្រុមប្រឹក្សាមកពី៨ ប្រទេសក្នុងតំបន់រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា ធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យសំណង់នៅតាមប្រទេសនីមួយៗ។

ជាងនេះទៅទៀត កម្មវិធីនេះក៏មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ដើម្បីទទួលបានព័ត៌មានអំពីទីផ្សារសំណង់នៅបណ្តាប្រទេសនីមួយៗដែលវានឹងផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនសិក្សាពីលទ្ធភាពនៃការពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់បន្ថែមទៀត។

យោងតាមការបញ្ជាក់ពី ស.ស.ក កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះរំពឹងថានឹងមានអ្នកចូលរួមប្រមាណជា ៥០ នាក់ មកពីសមាគមសាងសង់ចំនួន ៨ ដែល រួមមាន សមាគមអ្នកងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូនេស៊ី (ICA) សមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) សមាគមសាងសង់សឹង្ហបុរីលីមីតធីត (SCAL) សមាគមអ្នកសាងសង់ថៃ (TCA) សមាគមអ្នកសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) ។

- Video Advertisement -