កម្ពុជាបានតំណែងជាម្ចាស់ផ្ទះ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គលើកទី២៥
វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលតំណាងប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ ពិភាក្សាលើការធ្វើចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន ការអភិវឌ្ឍផ្លូវដែក និងការកែលម្អវិស័យព័ស្តុភាកម្ម។
វេទិកានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍សរុបចំនួន ១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ -កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ទ។
កិច្ចប្រជុំ STF-25 នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់ GMS។
ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខណ្ឌវិនិយោគក្នុងតំបន់ GMS គិតត្រឹមឆ្នាំ២០២២ ដែលតួលេខនេះស្មើនឹង ៧៨គម្រោង ដែលមានទុនវិនិយោគ សរុប ៦៥,៨ ពាន់លានដុល្លារ។
GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន៕

