កម្ពុជាផ្ដោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដើម្បីត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ៤.០
ជាមួយនឹងការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និង ការកើនឡើងនៃការប្រកួតប្រជែងទីផ្សារពិភពលោកកម្ពុជាត្រូវតែអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ខ្លួនដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និង ត្រៀមខ្លួនដើម្បីអនុវត្តចក្ខុវិស័យឧស្សាហកម្ម ៤.០។
បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងផ្តោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីជំរុញវិស័យឧស្សាហកម្ម។
បើតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥) រដ្ឋាភិបាលកម្ពុជាសង្ឃឹមថានឹងបង្កើនផលិតផលក្នុងស្រុកសរុបនៃវិស័យឧស្សាហកម្មរហូតដល់ ៣០% នៅឆ្នាំ ២០២៥ ខណៈដែលវិស័យផលិតកម្មបានកើនឡើងពី ១៥.៥% ដល់ ២០% ក្នុងឆ្នាំ ២០១៣ ។ នេះបង្ហាញពីភាពចាំបាច់ដើម្បីកែលម្អ និង ធ្វើពិពិធកម្ម (ធ្វើឲ្យមានភាពចម្រុះ) វិស័យឧស្សាហកម្មដើម្បីឱ្យប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយកម្រិតទៀត។
ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា កម្ពុជាកំពុងផ្តោតលើការធ្វើពិពិធកម្មវិស័យឧស្សាហកម្មដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និង ដើម្បីកុំឲ្យពឹងផ្អែកចម្បងតែលើវិស័យកាត់ដេរសំលៀកបំពាក់ និង ស្បែកជើងដែលបច្ចុប្បន្នទាក់ទាញក្រុមហ៊ុនប្រមាណ ៧០០។
ឯកឧត្ដមបន្តថា ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយឧស្សាហកម្មមក កម្ពុជាបានទាក់ទាញឧស្សាហកម្មថ្មីៗដូចជាឧបករណ៍អគ្គិសនី យានយន្ត និង គ្រឿងតុបតែង ដែលភាគច្រើនស្ថិតនៅក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។
ទោះបីជា វាពិបាកកំណត់ដំណាក់កាលនៃបដិវត្តឧស្សាហកម្មដែលកម្ពុជាកំពុងមានក៏ដោយ ក៏គេអាចនិយាយបានថាប្រទេសនេះស្ថិតនៅចន្លោះបដិវត្តឧស្សាហកម្ម ២.០ និង ៣.០ ដោយផ្អែកលើនិយមន័យរបស់ Henry Ford (១៩១៣) ដែលសំដៅទៅលើឧស្សាហកម្ម ២.០ ជាដំណាក់កាលមួយ ដែលឧស្សាហកម្មបានផ្លាស់ប្ដូរឆ្ពោះទៅរកការផលិតអគ្គិសនី និង រថយន្ត ខណៈដែលបដិវត្តឧស្សាហកម្ម ៣.០ គឺជាពេលវេលាមួយដែលប្រទេសនេះអាចផលិតកុំព្យូទ័រ និង ផលិតផលបច្ចេកវិទ្យាផ្សេងៗទៀត។
លោក សួន វិជ្ជា សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា វិស័យឧស្សាហកម្មមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចរបស់ខ្លួន។
លោកបន្ថែមថា “រដ្ឋាភិបាលក៏គ្រោងនឹងអនុម័តសេដ្ឋកិច្ចឌីជីថល ជាពិសេសឧស្សាហកម្ម ៤.០ ហើយដើម្បីទទួលបានជោគជ័យនេះរដ្ឋាភិបាលចាំបាច់ត្រូវត្រៀមខ្លួនចាប់ពីពេលនេះទៅ”។
បើតាមសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះ ដើម្បីអាចឈានដល់ចំណុចទាំងនេះ កម្ពុជាត្រូវរង់ចាំពី ១០ ទៅ ១៥ឆ្នាំទៀត ហើយរដ្ឋាភិបាល ត្រូវការអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និង ទូរគមនាគមន៍ ហើយនិង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
ដោយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤ នៅទូទាំងប្រទេស ឯកឧត្ដម ជា វុទ្ធី បានឲ្យដឹងថាកម្ពុជាបានទាក់ទាញរោងចក្រប្រមាណ ៤៤០ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ប៉ុន្តែការវិនិយោគបន្ថែមនៅតែត្រូវការជាចាំបាច់។
តាមកំណើនសេដ្ឋកិច្ច និង ការផ្លាស់ប្ដូរក្នុងវិស័យឧស្សាហកម្ម អ្នកជំនាញផ្នែកអចលនទ្រព្យក៏បានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតដែលនឹងគាំទ្រដល់ឧស្សាហកម្មនេះ។
លោកឧកញ៉ា សៀ រិទ្ធីប្រធានក្រុមហ៊ុន WorldBridge Group បានប្រាប់អ្នកចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកាលពីដើមខែតុលាថា អ្នកអភិវឌ្ឍអចលនទ្រព្យគួរតែផ្ដោតលើគម្រោងឧស្សាហកម្មពិសេស ឃ្លាំង និង រោងចក្រ។
ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបនេះ កម្ពុជាត្រូវការការគាំទ្រពីវិស័យសាធារណៈ និង ការវិនិយោគពីវិស័យឯកជន ដើម្បីបង្កើតការងារបង្កើន តម្លៃបន្ថែមលើសេដ្ឋកិច្ច និង បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា៕

