កម្ពុជាមានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ជាងពាក់កណ្តាល នៃផ្លូវកសាងសរុបជិត ២ម៉ឺនគីឡូម៉ែត្រ

មកទល់បច្ចុបន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ផ្លូវទូទាំងប្រទេសប្រវែងសរុប ១៨ ១២៥ គីឡូម៉ែត្រ នៅក្របខណ្ឌទូទាំងប្រទេស ក្នុងនោះផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង មានជាងពាក់កណ្តាល។

នេះជាការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការដឹកជញ្ជូនតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២៣ ខែកុម្ភៈ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា៖ «កម្ពុជា បាននិងកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន ផ្លូវជាតិ និងផ្លូវខេត្ត មានប្រវែងសរុប ១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ ៩ ៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូAC និងផ្លូវបេតុង ឬស្មើនឹង ៥៤,៦០% នៃប្រវែងសរុប»។

ឯកឧត្តម បន្តថា ស្ពានធំៗចំនួន ២០ ត្រូវបានសាងសង់ ខណៈអាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ និងព្រលានយន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។

- Video Advertisement -