រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ
រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]
ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋាភិបាល នូវគម្រោងចំនួន ១៩ ទៀត ក្រោមទុនវិនិយោគសរុប $២៧៦ លាន ។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
ឯកឧត្តម ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១៩ ក្នុងទុនវិនិយោគសរុបប្រមាណ $២៧៦ លាន អាចបង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និង គម្រោងថ្មី ចំនួន ១២។ គម្រោងទំាងនេះ រួមមាន៖ គម្រោងសណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងច្រកផលិតគ្រឿងសង្ហារិម រោងចក្រផលិតដំណាប់ផ្លែឈើ និង កែច្នៃគ្រាប់ធញ្ញជាតិ និងគម្រោងរោងចក្រផលិតទឹកស្អាត និងផ្គត់ផ្គង់អគ្គិសនី។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែ តុលា ឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប $៧,៨៧១ ពាន់លាន និង ប៉ាន់ស្មានអាចបង្កើតការងារបាន ៥០ ៦៧០ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមាន ចំនួន ១៨៦ គម្រោងថ្មីមាន ចំនួន ១៦៦ គម្រោងពង្រីកមានចំនួន ២៥ និង គម្រោងមានស្រាប់ចំនួន ១៥៕