កម្ពុជា-កូរ៉េ កំពុងរួមគ្នារកយុទ្ធសាស្រ្តជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

កម្ពុជា-កូរ៉េ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមនានា សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។នេះបើយោងតាមកិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-កូរ៉េ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូរួមពីទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA), សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើន។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ បានផ្តល់ឱកាសដល់វិនិយោគិនកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េខាងត្បូង ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញក្តីរីករាយជាមួយសុឆន្ទៈក្នុងការរួមគ្នាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនកូរ៉េបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។ ឯកឧត្តម មានជំនឿថា តាមរយៈកិច្ចសន្ទនានេះ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ នឹងកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

កិច្ចសន្ទនាខាងលើនេះ បានបញ្ជាក់ដែរថា តាមរយៈព្រឹត្តិការណ៍ “ពិព័រណ៍ម៉ាកយីហោ និងការកម្សាន្តរបស់កូរ៉េ ឆ្នាំ២០២៥” (Korea Brand and Entertainment Expo 2025)នៅកម្ពុជា កាលពីថ្ងៃទី២០-២១ ខែមិថុនាកន្លងទៅថ្មី បានស្រូបទាញអ្នកចូលទស្សនាសរុបចំនួន ៥.៣៦០នាក់ ក្នុងនោះមានក្រុមហ៊ុនកូរ៉េចំនួន ៥៥ក្រុមហ៊ុន និងអ្នកបញ្ជាទិញចំនួន ១៣៨នាក់ បានចូលរួម។ ភាគីកូរ៉េ បាបចាត់ទុកថា នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតរបស់កូរ៉េនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក ហើយបានស្តែងឱ្យឃើញនូវសក្តានុពលនៃទីផ្សារកម្ពុជាកាន់តែច្បាស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]