កម្ពុជា-ចិន ប្តេជ្ញាជំរុញវិស័យថាមពលព្រះអាទិត្យ ដើម្បីឆ្ពោះទៅប្រើថាមពលកកើតឡើងវិញ
កម្ពុជា-ចិន បានប្តេជ្ញារួមគ្នាជំរុញវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ដើម្បីការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាបានគ្រប់គ្រាន់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងក្រុមហ៊ុនចិន ហួវៃថេកណូឡូជី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមស៊ុយ សែម បានឱ្យដឹងថា៖ « បញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមជាកញ្ចប់សម្រាប់មនុស្សជាតិ នៅក្នុងសម័យកាលថ្មីនេះ ខណៈបញ្ហានេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន ដើម្បីផ្លាស់ប្ដូរពីការផលិត និងការប្រើប្រាស់ថាមពល ដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាសឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពលដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយដែលគ្រប់គ្រាន់ ជាពិសេសនៅតែមានគុណភាពអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ»។
គួរបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ភាគីកម្ពុជា និងក្រុមហ៊ុនចិន បានព្រមព្រៀងគ្នាថា នឹងសហការគ្នាលើចំណុចសំខាន់ៗចំនួន៧ រួមមាន៖
ទី១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី។
ទី២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី។
ទី៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់។
ទី៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់។
ទី៥.សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ។
ទី៦. សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ។
និងទី៧. សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដៃគូ៕
- Video Advertisement -