កម្ពុជា-ជប៉ុន ពិភាក្សា៣ចំណុចធំៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននៅកម្ពុជា អាស៊ាន និងជប៉ុន
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។ នេះបើយោងតាមសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។
សន្និសីទខាងលើ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ដោយឡែក ចំណុចសំខាន់ទាំង ៣ ដែលត្រូវបានពិភាក្សារួមមាន៖
១. របាយការណ៍ទស្សនាទាន ដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់
២. គោលការណ៍ណែនាំ ស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ព័ស្តុភារកម្មត្រជាក់ ក្នុងក្របខណ្ឌអាស៊ាន
៣. ការប្រើប្រាស់ទិន្នន័យធំឬ Big Data ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រសើរជាងមុន
ក្រោយពិភាក្សា ភាគីទាំងពីរ បានឯកភាពគ្នានឹងសិក្សាឱ្យគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ ខាងលើ ហើយលទ្ធផលនេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាប្រធាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

