កម្ពុជា-ថៃ ឯកភាពគ្នាបន្តចរចាឡើងវិញការអភិវឌ្ឍតំបន់ជម្រុករ៉ែក្រោមសមុទ្រ

រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នា បន្តការចរចា និងពិភាក្សាគ្នាឡើងវិញ លើការអភិវឌ្ឍន៍រួមគ្នាតំបន់ជម្រករ៉ែ ប្រេង និងឧស្ម័ន នៅក្រោមបាតសមុទ្រ ដែលស្ថិតនៅត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសជិតខាងទាំងពីរ។ ជាការបន្តពិភាក្សាឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីខកខាន ប្រហែលមួយទសវត្សរ៍។

ការសម្រេចបន្តការពិភាក្សាឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងសមភាគីថៃ លោក Sontirat Sontijirawong ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។

យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ និងជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នា បន្តការពិភាក្សា លើការអភិវឌ្ឍន៍ ដោយឈរលើស្មារតីផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។

លោក ជៀប សួរ បានថ្លែងថា៖ «ក្នុងកិច្ចប្រជុំ នឹងជំរុញការងារហ្នឹង ដោះស្រាយឲ្យបានឆាប់ លើផលប្រយោជន៍ស្នើភាព ៥០-៥0…»។

កម្ពុជា និងថៃ បានទាមទារអធិបតេយ្យភាពតំបន់ត្រួតស៊ីគ្នា ទំហំប្រមាណ ២៧ ០០០គីឡូម៉ែត្រក្រឡានៅក្នុងឈូងសមុទ្រថៃ។ តំបន់ត្រួតស៊ីគ្នានេះ ត្រូវបានគេប៉ាន់ប្រមាណថា ជាជម្រកធនធានប្រេងកាត និងឧស្ម័នដ៏មហាសាល។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណស្តីពីការបង្កើតតំបន់អភិវឌ្ឍន៍រួមគ្នា នៅក្នុងតំបន់ត្រួតស៊ីគ្នា ព្រមទាំងកំណត់ព្រំដែនទឹក។ ប៉ុន្តែការងារនេះ ត្រូវបានប្រទេសថៃពន្យាពេលនៅឆ្នាំ២០០៩ ដោយសារបញ្ហាផ្ទៃក្នុងប្រទេសថៃ៕

- Video Advertisement -