កម្ពុជា និងអាស៊ាន ប្តេជ្ញាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមព្រំដែននានា
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានប្តេជ្ញាថានឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងតាមច្រកទ្វារព្រំដែន ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ខណៈវិស័យនេះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។
នេះបើយោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយប្រទេសជាសមាជិកអាស៊ានកាលពេលថ្មីៗនេះ។
ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ និងវៀតណាម។ បច្ចុប្បន្ន ក្រុមការងារកំពុងរិះរកនីតិវិធីដើម្បីបើកច្រកទ្វារព្រំដែនកម្ពុជាថៃ ស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។ លើសពីនេះ ក៏ព្យាយាមបើកច្រកទ្វារព្រំដែនវៀតណាម ព្រៃវល្លិ៍-ព្រែកចាក ផងដែរ។
ប្រសិនបើច្រកទ្វារទាំងនេះបើកដំណើរការ គឺវានឹងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការបង្កើតការងារផងដែរ។ គួរបញ្ជាក់ផងដែរ ការអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នៃខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ចំណាយទុនប្រមាណ ២៦លានដុល្លារអាមេរិក ជាថវិកាកម្ចីរបស់ប្រទេសថៃដល់កម្ពុជា។ (អានបន្ថែម)
ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
យោងតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារវិបត្តិកូវីដ ប្រទេសនីមួយៗ បានរឹតបន្ដឹងការឆ្លងកាត់ ដូច្នេះការដឹកទំនិញត្រូវបានចំណាយពេលយូរជាងមុនមួយកម្រិតធំ។

