កម្ពុជា និងអូស្ត្រាលី នឹងធ្វើការរួមគ្នាជំរុញឱ្យពលរដ្ឋកម្ពុជា១០០% មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០
កម្ពុជា និងអូស្ត្រាលី ប្ដេជ្ញានឹងបន្តធ្វើការរួមគ្នា ពង្រីក ពង្រឹង និងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាទឹកស្អាតទូទាំងប្រទេស ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០។
នេះបើយោងតាមជំនួបរបស់ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។
តាមការស្រាវជ្រាវរបស់អូស្រ្តាលី គិតត្រឹមឆ្នាំ២០២០ មានត្រឹមតែ ៤៧% នៃភូមិទាំងអស់នៅកម្ពុជាប៉ុណ្ណោះ ដែលមានបណ្តាញទឹកស្អាតប្រើប្រាស់។
ដូច្នេះ លោក Luke Arnold សង្ឍឹមថា តាមរយៈកម្មវិធីវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) និងការគៀងគរអ្នកវិនិយោគពីវិស័យរដ្ឋ និងឯកជនរបស់អូស្រ្តាលី តួលេខនេះនឹងកើនឡើងឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បានថ្លែងថា ៖ «រដ្ឋាភិបាលគ្រោងនឹងផ្តល់ទឹកស្អាត ១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ ហើយផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់នៅត្រឹមឆ្នាំ ២០៣០ ហើយប្រព័ន្ធទិន្នន័យរបស់កម្មវិធី (3i) នឹងជួយឱ្យរដ្ឋភិបាលសម្រេចនូវការគ្រោងទុកនេះ»។
ជាក់ស្ដែង កម្ពុជា និងអូស្រ្តាលីបាននឹងកំពុងធ្វើការជាមួយគ្នាយ៉ាងស្អិតរមួតលើវិស័យនេះ ឧទាហរណ៍ដូចជា គម្រោងកម្មវិធីវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) របស់អូស្ត្រាលី ដែលមានកញ្ចប់ថវិកាចំនួន ៤៩លានដុល្លារអូស្ត្រាលី ជាដើម។
តាមរយៈកម្មវិធី3i នេះ អូស្ត្រាលីក៏បានវិនិយោគថវិកាជាង ១៩,៨ លានដុល្លារអូស្ត្រាលី រួចមកហើយ ដល់ក្រុមហ៊ុនទឹកស្អាតចំនួនជិត ៨០ ក្នុងការផ្អត់ផ្អង់ទឹកស្អាតប្រជាពលរដ្ឋតាមជនបទ ដោយរំពឹងទុកថាពលរដ្ឋកម្ពុជាជាង ១លាននាក់ នឹងមានទឹកស្អាតប្រើប្រាស់ក្រោយចប់កម្មវិធីនេះ។

