កម្ពុជា-វៀតណាមគ្រោងនឹងតភ្ជាប់គោលដៅទេសចរណ៍ថ្មីតាមរយៈផ្លូវសមុទ្រ

ប្រទេសកម្ពុជា-វៀតណាម បានអនុម័តផែនការសកម្មភាពដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ កន្លងមកភាគីទាំងពីក៏ធ្លាប់ពិភាក្សាអំពីផែនការនេះផងដែរ (អានបន្ថែម)

នេះបើតាមកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២២។

លើសពីនេះ ភាគីទាំងពីរ បានអនុម័តផែនការសកម្មភា​ពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣​-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន ០៦ទៀត រួមមាន៖

  • ១)-ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន
  • ២)-ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“
  • ៣)-ការចែករំលែកបទពិសោធន៍ និងព័ត៌មាន
  • ៤)-ការអភិវឌ្ឍន៍និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទ​ពិសោធន៍​ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និង​កា​រអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការ​មេអភិវ​ឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥
  • ៥)-ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើ​ឆ្នេរសមុទ្រ​និង​កីឡា​លើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ
  • ៦)-រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ។

គួរបញ្ជាក់ផងដែរ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កំណើនទេសចរវៀតណាម​មកកម្ពុជា​មានការ​កើន​ឡើង​គួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្ត​នៅ​កម្ពុជា កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

- Video Advertisement -