កម្ពុជា ស្នើបារាំងសិក្សាលទ្ធភាពលើប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រើផ្លូវដែក ក្នុងរាជធានីភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ការស្នើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នាឪកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកថា ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា គឺបានមកពីការខិតខំប្រឹងប្រែងពីក្រសួងផ្ទាល់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ រដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះមានបារាំងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបទៅភាគីបារាំងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់កម្ពុជារួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorailជាដើម។
ក្រៅពីនេះ ឯកឧត្តម ក៏បាន ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងជួយជំរុញឲ្យប្រព័ន្ធដឹកជញ្ជូនផ្លូវដែកកម្ពុជាកាន់តែប្រសើរឡើង។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានោះ កម្ពុជា និងបារាំង បានប្រកាសប្តេជ្ញារួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

