កម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ

ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។

នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។

គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ  ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។

គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។

លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧.៤៣ លានដុល្លារ ជាមួយនឹងកំណើន ២៤.៤២% បើធៀបនឹងឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]