កម្ពុជា-ឥណ្ឌា រួមគ្នាបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

នៅក្នុងគំនិតផ្តួចផ្តើមកែលម្អ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងកិច្ចការបរទេសនៃប្រទេសឥណ្ឌា បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រដ៏ទំនើបមួយនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អនុស្សរណៈយោគយល់គ្នា(MoU)នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥។

ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រជាជាតិទាំងពីរក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសនៅក្នុងសហគមន៍ជនបទ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលើកឡើងថា “គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការពង្រឹងតំបន់ជនបទ តាមរយៈការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យើងរំភើបក្នុងការស្វែងរកឱកាសបន្ថែមទៀតសម្រាប់ការសហការក្រោមក្របខ័ណ្ឌគម្រោងផលប៉ះពាល់រហ័ស។

រីឯលោក Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងសម្រាប់ក្មេងជំនាន់ក្រោយ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការបណ្តុះចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រ និងការច្នៃប្រឌិត។ លោក​បាន​បន្ត​ថា​៖ «បណ្ណាល័យ​នេះ​នឹង​មិន​ត្រឹម​តែ​លើក​កម្ពស់​ចំណង់​ចំណូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជំរុញ​ចិត្ត​យុវជន​ឲ្យ​ចូល​រួម​ផ្ទាល់​ជាមួយ​គំនិត​វិទ្យាសាស្ត្រ​ផង​ដែរ»។ “នៅពេលដែលតម្រូវការសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅតែបន្តកើនឡើង បណ្ណាល័យនេះនឹងបម្រើជាធនធានដ៏សំខាន់ក្នុងការផ្សារភ្ជាប់គម្លាតចំណេះដឹងនៅក្នុងវិស័យសំខាន់ៗទាំងនេះ”។

គួរបញ្ជាក់ទៀត​ថា រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់ជំនួយឥតសំណង ក្នុងការផ្គត់ផ្គង់សៀវភៅ ឧបករណ៍វិទ្យាសាស្ត្រ សម្ភារអប់រំ និងឧបករណ៍ពិសោធន៍ផ្សេងៗ ដែលចាំបាច់សម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្រ្ត។ ធនធានទាំងនេះនឹងអនុញ្ញាតិឱ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ និងសហគមន៍ទូទៅ ស្វែងយល់ពីគោលការណ៍វិទ្យាសាស្ត្រ និងភាពជឿនលឿននៃបច្ចេកវិទ្យា។

កិច្ចសហការនេះមិនត្រឹមតែតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវគំរូមួយសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតដែលផ្តោតលើការលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់។ ការ​បង្កើត​បណ្ណាល័យ​វិទ្យាសាស្ត្រ​នេះ​ជា​ជំពូក​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​ខេត្ត​បាត់ដំបង និង​ជា​ការ​វិនិយោគ​ដ៏​មាន​សក្តានុពល​សម្រាប់​អនាគត​យុវជន​របស់​ខ្លួន។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]