កាតព្វកិច្ចពន្ធអចលនទ្រព្យនៅកម្ពុជា នឹងត្រូវពន្យាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា បានប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ ទៅចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយនឹងការពន្យាររយៈពេលនេះដែរ រដ្ឋបានសម្រេចបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ ដូចតទៅ “ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជីនិងប្រកាសបង់ពន្ធលើ អចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជី និងប្រកាសបង់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្ត ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ឆ្នាំ២០២៥។
ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ត្រូវប្រកាសបង់ប្រាក់ ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។
- Video Advertisement -