ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។
នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។
កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។
ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ ក៏បានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បី ជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។
គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។
ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ (អានបន្ថែម)
- Video Advertisement -