ការដ្ឋានផ្លូវជាតិលេខ៦ ពីស្តុបសុខាដល់ផ្លូវបំបែកទៅព្រលានយន្តហោះ សម្រេចជិត៥០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលជ័យវរ្ម័នទី៧ ឬផ្លូវបំបែកទៅព្រលានយន្តហោះ បច្ចុប្បន្នសម្រេចបានជិត ៥០% ហើយ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា។

លោក គង់ វណ្ណសុភី តំណាងក្រុមសាងសង់កំណាត់ផ្លូវជាតិលេខ៦ បានឱ្យដឹងថា ប្រសិនបើគ្មានការរាំងស្ទះទេ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

លោកបន្តថា៖ «បច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូAC បាន ២ គន្លង ពីស្ថានីយសាំងកាល់តិចមកទល់ផ្លូវបំបែកស្តុបគ្រួស។ លើសពីនេះ គន្លងខាងឆ្វេងចាប់ពីស្តុបគ្រួសមកដល់រង្វង់មូលរូបជ័យវរ្ម័នទី៧ ក៏សម្រេច ជិត៤ គីឡូម៉ែត្រហើយដែរ»។

គួរបញ្ជាក់ថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥,៨ គម ដែលបានបើកការដ្ឋានសាងសង់ចាប់ពីខែតុលាឆ្នាំ២០២០។

គម្រោងនេះជាការពង្រីកផ្លូវជា ៦គន្លង មាន៣គន្លងទៅ និង ៣គន្លងមក ដែលជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ហើយគ្រោងនឹងប្រើរយៈពេលមួយឆ្នាំដើម្បីបញ្ចប់៕

- Video Advertisement -