ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣
បន្ទាប់ពីបើកការដ្ឋានអស់រយៈពេលជិត ១២ ខែមក គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តបាត់ដំបង ទៅកោះកុង សម្រេចបានប្រមាណ ៤៣,៧៥% ហើយ ដោយគ្រោងបញ្ចប់ឆ្នាំ ២០២៣ ខាងមុខ។
នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្តមក៏បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ឱ្យបន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ១០ នេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលសាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨ លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។
ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម និងបន្ថែម)

