ការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ដល់ទីរួមខេត្តកំពង់ចាមទៅជា៤គន្លង នឹងចាប់ផ្ដើមឆាប់ៗនេះ
ការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅដល់គល់ស្ពានគីហ្សូណានៃទីរួមខេត្តកំពង់ចាម ទៅជា ៤គន្លង គ្រោងនឹងចាប់ផ្តើមការដ្ឋានឆាប់ៗខាងមុខនេះ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។
នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យផ្លូវ កាលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ។
ឯកឧត្តមបានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់គម្រោងផ្លូវទៅជា ៤គន្លង ប្រវែងជាង ៤៥គ.ម ដល់ខេត្តកំពង់ចាម ដែលគម្រោងមួយនេះនឹងជាចំណងដៃថ្មីស្រឡាងមួយទៀតជូនដល់ប្រជាពលរដ្ឋ»។
«មិនតែប៉ុណ្ណោះ វានឹងជួយតភ្ជាប់ចរាចរណ៍របស់ពលរដ្ឋនៅតាមបណ្តាខេត្ត ខណៈបច្ចុប្បន្នកម្ពុជាមានកំណើនមធ្យោបាយដំណើរពីមួយឆ្នាំទៅមួយឆ្នាំ»។
ឯកឧត្តម បន្តថា គម្រោងពង្រីកផ្លូវនេះនឹងលេចចេញជារូបរាង បន្ទាប់ពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ នឹងដឹកជញ្ជូន បញ្ចប់ការសិក្សាលម្អិត។
គួរបញ្ជាក់ផងដែរថា ក្រសួងបានសិក្សាលើគម្រោងនេះមួយរយៈធំហើយ តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ បើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ការពង្រីកផ្លូវទៅបួនគន្លង នេះអាចនឹងចំណាយថវិកាសាងសង ពី ១លាន ទៅ២លានដុល្លារ ក្នុងប្រវែង១គីឡូម៉ែត្រ។ (អានបន្ថែម)
រូបភាពដោយ៖ Wikimedia Commons

