ការដ្ឋានស្ដារផ្លូវ២១Bសាងសង់ដោយប្រើគ្រឿងចក្រទំនើបរបស់ជប៉ុនគ្រោងបញ្ចប់១ខែទៀត

ការពង្រីក និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ខេត្តកណ្តាល គ្រោងនឹងប្រើពេលវេលាសាងសង់ប្រមាណ១ខែ។

នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យមើលកំណាត់ផ្លូវនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម បានឱ្យដឹងថា គោលបំណងពង្រីកជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២១Bនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។

ឯកឧត្តមបន្ដថា ការសាងសង់កំណាត់ផ្លូវនេះ នឹងចំណាយរយៈពេល ១ ខែ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែរឹងមាំ ប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ ទាំងមូល មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១។ ប៉ុន្តែ ត្រង់កំណាត់ជួសជុលនេះ គឺកំណាត់សំខាន់ ក្នុងការដឹកទំនិញវាងក្រុង៕ (អានបន្ថែម)

- Video Advertisement -