ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេច ៩៩% នឹងបើកឱ្យប្រើថ្ងៃទី ១៩ មីនា
ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ នៅពេលនេះសម្រេចបាន៩៩% ហើយ ដោយនឹងដាក់ឱ្យដំណើរការឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងម៉ៅការសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកា ២២លានដុល្លារ។
នៅពេលដែលសាងសង់រួចគម្រោងនេះ នឹងមានអាយុកាលប្រមាណជា ១០០ ឆ្នាំ ។
យោងទៅតាមផែនការមេ គម្រោងស្ថាបនានេះរួមមាន៖
១) ស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរ ២ គន្លងទៅ ២ គន្លងមក និងជម្រាលស្ពាន៤,៥ម៉ែត្រ ។
២) ស្ពានអាកាសទីពីរ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង ប្រវែង៤០ម៉ែត្រ ។
៣) ជាស្ពានតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែង ៦០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ។
៤) ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ និង ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមាន ២ គន្លងរថយន្ត និង ១ គន្លងទោចក្រយានយន្ត។

