ការតាំងពិព័ណ៌សំណង់ឆ្នាំ២០១៧ ដែលគាំទ្រដោយ CCA ទទួលបានជោគជ័យ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំកំពូលលើកទី៦របស់ខ្លួន និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី០២ ខែធ្នូ។ កម្មវិធីដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៌កោះពេជ្រក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅឆ្នាំនេះបានធ្វើឡើងដោយសារទទួលបានជោគជ័យកាលពីឆ្នាំមុនៗ និងដើម្បីពង្រឹងខ្លួនក្នុងនាមជាព្រឹត្តិការណ៍វិស័យសំណង់និងអចលនទ្រព្យដ៏សំខាន់របស់ប្រទេស។

ពិព័ណ៌នៅឆ្នាំនេះបានទាក់ទាញតំណាងឧស្សាហកម្មល្បីៗពីជុំវិញពិភពលោក និងបានបង្ហាញម៉ាកអគារនិងអចលនទ្រព្យឈានមុខគេក្នុងស្រុក និងក្នុងសកលលោកជាច្រើន។
ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការតាំងពិព័ណ៌ដែលរៀបចំដោយ CCA រយៈពេលបីថ្ងៃនេះ បានបង្ហាញនូវស្តង់ជាង ៣០០ស្តង់ដែលមានផលិតផលប្រមាណ ៦០០ប្រភេទផ្សេងៗគ្នារបស់អ្នកផលិតមកពីជុំវិញពិភពលោក។

នៅក្នុងការតាំងពិព័ណ៌ឆ្នាំនេះ មានក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិចំនួន១៦៨ ដែលបានចូលរួមបង្ហាញពីសម្ភារៈសំណង់និងបច្ចេកវិទ្យា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងសេវាកម្មទាក់ទងនឹងវិស័យសំណង់និងអចលនទ្រព្យជាច្រើនប្រភេទ រួមទាំងមានភ្នាក់ងារអចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។ អ្នកទស្សនាប្រហែល ៥០០០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ឈានមុខគេក្នុងវិស័យនេះ ដែលការណ៍នេះផ្តល់ឱ្យអ្នកតាំងពិព័ណ៌និងភ្ញៀវចូលទស្សនានូវឱកាសដ៏ល្អសម្រាប់ការស្វែងរកឱកាសអាជីវកម្ម។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម CCA បានថ្លែងក្នុងពិធីបើកការតាំងពិព័ណ៌ថា “ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះផ្តល់ឱកាសដល់អ្នកទិញ អ្នកលក់ អ្នកម៉ៅការសាងសង់ អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ ក្នុងការស្វែងរកដៃគូរកស៊ីដោយផ្ទាល់។”

តាមលោកប្រធានសមាគម ពិព័ណ៌នេះបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍនិងការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា។

លោកបានពន្យល់ថា “CCA រៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនដែលអមជាមួយដោយការតាំងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជា និងពិធីជប់លៀងបណ្តាញអាជីវកម្ម ដើម្បីផ្តល់ឱកាសដល់សមាជិករបស់សមាគម និងអ្នកផ្សេងទៀតដែលមានអាជីវកម្មឬវិជ្ជាជីវៈពាក់ព័ន្ធនឹងវិស័យសំណង់ ក្នុងការជួបនិងពិភាក្សាយ៉ាងជិតស្និទ្ធជាមួយអ្នកជំនួញដទៃទៀតដើម្បីឱ្យពួកគេអាចយល់ពីតម្រូវការនិងការផ្គត់ផ្គង់នៅកម្ពុជា។”

សមាគមមានសមាជិកជាង ១៣១ ដែលដើរតួយ៉ាងសំខាន់ក្នុងការនាំឧស្សាហកម្មសំណង់របស់កម្ពុជាទៅកាន់កម្រិតមួយថ្មី។

លោក Datuk Mattew Tee ប្រធាន IFAWPCA បានមានប្រសាសន៍ថា “CCA បន្តរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដោយផ្តល់នូវវេទិកាដ៏ល្អពិសេសសម្រាប់ការផ្លាស់ប្តូរទស្សនៈនិងគំនិតរវាងអ្នកតំណាងរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ហើយវាក៏ជាមធ្យោបាយមួយសម្រាប់ឱ្យសមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) ស្វែងយល់ពីភារតភាពនៃសំណង់នៅកម្ពុជាបានកាន់តែប្រសើរឡើង។”

លោកបានពន្យល់ថា “សមាគម CCA បានចូលរួមជាសមាជិកនៃ IFAWAPCA នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុងគូឡាឡាំពួក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅពាក់កណ្តាលអាណត្តិលើកទី៣៨ របស់ IFAWPCA។”

បណ្ឌិត តាន មុន្នីវណ្ណ តំណាងឧកញ៉ា ម៉ុង ឬទ្ធី អគ្គលេខាធិការសមាគម CCA បានមានប្រសាសន៍សង្កត់ធ្ងន់ថា “កម្មវិធីនេះផ្តល់ឱកាសដល់ក្រុមហ៊ុនសំណង់ជាតិនិងអន្តរជាតិដើម្បីបង្ហាញពីផែនការសាងសង់និងសម្ភារៈសំណង់ ហើយយើងចង់ឱ្យមានមនុស្សកាន់តែច្រើនឡើងចូលរួមក្នុងវិស័យនេះដើម្បីរៀនសូត្របន្ថែមទៀត។”

កាលពីឆ្នាំមុន សមាគម CCA បានរៀបចំពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៣ ឆ្នាំ២០១៦ នៅថ្ងៃទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៌កោះពេជ្រ។ ការតាំងពិព័ណ៌ឆ្នាំមុនមានស្តង់ចំនួន ៣០០ និងបានស្វាគមន៍អ្នកចូលរួមប្រហែល ៤០០០នាក់។

លោក ជីវ ស៊ីវផេង អ្នករៀបចំការតាំងពិព័ណ៌និងជាជំនួយការរបស់អ្នកឧកញ៉ា ពុង​ ឃាវសែ ប្រធានសមាគម CCA បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ឆ្នាំ២០១៧ គឺធំជាងកាលពីឆ្នាំមុនដោយមានក្រុមហ៊ុនបរទេសចំនួន៣៦ ចូលរួមក្នុងឆ្នាំនេះ។” លោកបានមានប្រសាសន៍ថា “ចំនួនគម្រោងសាងសង់បានកើនឡើង ២៧ភាគរយក្នុងរយៈពេល ១០ខែចុងក្រោយនេះ។”

- Video Advertisement -