ការធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើទំនើបកម្មនាវាចរណ៍ Port EDI សម្រេចបាន ៩០% ហើយ

គិតមកដល់ខែកុម្ភៈនេះ ការធ្វើតេស្តសាកល្បងលើប្រព័ន្ ធPort EDI ដែលជាការទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍នៅកម្ពុជា ដោយប្ដូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញ ក្នុងដំណាក់កាលទី១ សម្រេចបាន៩២% ហើយ។

ឯកឧត្តមរដ្ឋលេខាធិការ រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាកាលពីថ្ងៃទី២២ ខែកុម្ភៈ នេះថា ការធ្វើតេស្ដសាកល្បងប្រព័ន្ធគឺជិតបញ្ចប់ហើយ ខណៈបច្ចុប្បន្នកំពុងរង់ចាំខាងមន្ត្រីគយ និងរដ្ឋាករកម្ពុជាប្រចាំមាត់ច្រកក្អមសំណរ និងកោះរកាមកធ្វើតេស្តសាកល្បង។

នៅក្នុងដំណាក់កាលទី១ នៃការធ្វើតេស្តសាកល្បងរយៈពេល៥សប្តាហ៍កន្លងមកនេះ មានចំនួន ៤១៦១ករណី ក្នុងនោះ មាន ៣៧៣១ករណីទទួលបានជោគជ័យ ៧៨ករណីមានបញ្ហាដែលតម្រូវឱ្យមានការកែសម្រួល និង ៣៥២ករណី រង់ចាំការពិភាក្សាបន្ថែម។

បើការធ្វើតេស្ដជោគជ័យ គម្រោង Port EDI នេះនឹងចាប់ផ្តើមដំណើរការអំឡុងខែសីហា ខាងមុខ។

គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។

បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

- Video Advertisement -