ការបង្កើតក្រុមហ៊ុនសម្ព័ន្ធ ៖ ហានិភ័យ និងការជឿជាក់
នៅក្នុងឧស្សាហកម្មសំណង់ គឺជារឿងសមញ្ញមួយនៅជុំវិញពិភពលោក។ ទោះបី ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជាបានកំពុងតែប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះក្តី ក៏កិច្ចព្រមព្រៀងនេះនៅតែមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយ។
ការចុះកិច្ចសន្យាជាសម្ព័ន្ធអាជីវកម្ម អាចជាក្រុមហ៊ុនសាជីវកម្មរួមគ្នា ឬមិនបញ្ចូលគ្នា អាស្រ័យ ទៅលើកិច្ចសន្យាបង្កើតសម្ព័ន្ធអាជីវកម្មនោះ ដើម្បីបង្កើតឱកាសពាណិជ្ជកម្មជាក់លាក់ណាមួយ។ ជាទូទៅកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មមានបញ្ជាក់ពីកាតព្វកិច្ច និងទំនួលខុសត្រូវរវាងគូភាគីនីមួយៗ រួមទាំងការរួមចំណែកនៅក្នុងគម្រោង ការចែករំលែកប្រាក់ចំណេញ ការខាតបង់ ការត្រួតពិនិត្យ និងគ្រប់គ្រងលើការរួមបញ្ចូលគ្នា និងការរៀបចំពាណិជ្ជកម្មទៅតាមភាពខុសប្លែកគ្នារវាងសម្ព័ន្ធអាជីវកម្មនីមួយ។
ការទទួលយកកិច្ចសន្យាសម្ព័ន្ធអាជីវកម្ម អាចឲ្យគូភាគីនីមួយៗឈានជើងចូលទីផ្សារថ្មី ដោយមានបច្ចេកទេសសាងសង់ថ្មី បច្ចេកវិទ្យាថ្មី ធនធានហិរញ្ញវត្ថុបន្ថែម ឬក៏លទ្ធភាព ធានាក្នុងដំណើរការ។ ឬម្យ៉ាងទៀតដៃគូនៅក្នុងសម្ព័ន្ធអាជីវកម្ម អាចនាំមកនូវការទំនាក់ទំនងអតិថិជន គុណភាពបច្ចេកទេស និងជំនាញ ឬលក្ខខណ្ឌតម្រូវផ្សេងៗទៀត បើយោងតាម គេហទំព័រ Construction Executive សម្ព័ន្ធអាជីវកម្មមិនកំណត់ចំនួនសមាជិកទេ តែជាទូទៅគឺមានសមាជិកពីរ។ ការរួមបញ្ចូលនេះ គឺក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពឱ្យទទួលបានជោគជ័យសម្រាប់គម្រោងធំ។
ការបង្កើតក្រុមហ៊ុនចំរុះ គឺប្រៀបដូចជាការរៀបអាពាហ៍ពិពាហ៍ដែរ។ លទ្ធផលអាចល្អ តែក៏អាចជាការខកចិត្ត និងមានហានិភ័យប្រសិនបើគូភាគីមិនស័ក្តសមនិងចូលរួមជាដៃគូនឹងគ្នា។ មានចំណុច និងបញ្ហាជាច្រើនដែលត្រូវយកមកធ្វើការពិចារណាមុននឹងធ្វើការទទួលយកកិច្ចសន្យា ចូលជាសម្ព័ន្ធអាជីវកម្ម ប្រសិនបើគូភាគីទាំងអស់មានបំណងចង់បង្កើតឱ្យមានទំនាក់ទំនងដោយជោគជ័យ។
របៀបនៃការបង្កើតសម្ព័ន្ធអាជីវកម្មជាអន្តរជាតិ
គ្មានលក្ខខណ្ឌ ឬក៏ការណែនាំជាក់លាក់ណាមួយត្រូវបានចងក្រងនៅក្នុងប្រទេសកម្ពុជាសម្រាប់បង្កើតសម្ព័ន្ធអាជីវកម្មឡើយ។ នេះជាហេតុផលដែលភាគីកម្ពុជា និងភាគីបរទេសតែងមានទំនោរក្នុងការប្រើប្រាស់បទពិសោធន៍ និងការណែនាំរបស់អន្តរជាតិនៅពេលណាដែលគេចង់បង្កើតសម្ព័ន្ធអាជីវកម្ម។ តាមគោលការណ៍របស់ Construction Executive បានចែកចេញជាបួនជំហានធំៗ សម្រាប់ឲ្យក្រុមហ៊ុនដែលចង់រួមគ្នាធ្វើជាសម្ព័ន្ធអាជីវកម្មយកទៅអនុវត្តជាអន្តរជាតិ ៖ ជំហានក្នុងការសម្រេចចិត្តមុនបង្កើតសម្ព័ន្ធអាជីវកម្ម ជំហានក្នុងការបង្កើតសម្ព័ន្ធអាជីវកម្ម ជំហានក្នុងការប្រតិបត្តិ និងការបន្តរួមបញ្ចូលគ្នាដោយជោគជ័យនៃសម្ព័ន្ធអាជីវកម្ម។
ជំហានក្នុងការសម្រេចចិត្តមុនបង្កើតសម្ព័ន្ធអាជីវកម្ម
ក្រុមហ៊ុនដែលមានបំណងចង់បង្កើតសម្ព័ន្ធអាជីវកម្ម គួរតែចាប់ផ្តើមដោយការវាយតម្លៃយ៉ាង ស្មោះត្រង់ថាតើក្រុមហ៊ុនរបស់ខ្លួនអាចទទួលបានផលវិជ្ជមានអ្វីខ្លះអំពីកិច្ចព្រមព្រៀងនៃការបង្កើតសម្ព័ន្ធអាជីវកម្មនេះ។ ពួកគេគួរតែធានាឲ្យប្រាកដថា ទាំងសមាជិកគណៈកម្មការនាយក នាយកប្រតិបត្តិ និងគ្រប់នាយកដ្ឋានទាំងអស់ត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្ត ឬចែករំលែកតួនាទី និងទំនួលខុសត្រូវទៅតាមកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មនេះ។
ជំហានក្នុងការបង្កើតសម្ព័ន្ធអាជីវកម្ម
លក្ខខណ្ឌនៃការរៀបចំគួរតែត្រូវបានព្រាងទុកដោយមានសេចក្តីលំអិតនៅក្នុងកិច្ចព្រមព្រៀងរវាងគូភាគីទាំងអស់។ លើសពីនេះ សេចក្តីលំអិតនៃប្រតិបត្តិការផ្សេងទៀតគួរតែត្រូវបានទទួលយក និងរៀបចំទុកដាក់ជាឯកសារ បើទោះបីជាពួកគេមិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មជាក់លាក់ក៏ដោយ។ ជាទូទៅ ដំណើរការនេះមានភាពប្រហាក់ប្រហែលនឹងការបង្កើតពាណិជ្ជកម្មថ្មីមួយពីចំណុចសូន្យដែរ ពីព្រោះវាមានបញ្ហាជាច្រើនដែលគេត្រូវប្រឈមមុខ។ បញ្ហាទាំងអស់នេះ ត្រូវបានបែងចែកជាប្រាំផ្នែកធំៗ ៖ បញ្ហារៀបចំរចនាសម្ព័ន្ធសហគ្រាស បញ្ហាអភិបាលកិច្ចនិងមូលធន បញ្ហាប្រតិបត្តិការ បញ្ហាការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ បញ្ហាពន្ធនិងបញ្ហាគណនេយ្យ ។
ជំហានក្នុងការប្រតិបត្តិ
បើទោះបីជាការរៀបចំមានដំណើរការយ៉ាងប្រសើរនៅក្នុងគម្រោង ឬកម្មវិធីសម្ព័ន្ធអាជីវកម្មក៏ដោយ ប៉ុន្តែបញ្ហាជាច្រើនគួរតែត្រូវបានឃ្លាំមើលខណៈពេលដែលការងារកំពុងដំណើរការ។ ដូច្នេះភាគីទាំងអស់ត្រូវតែត្រួតពិនិត្យ តាមដាន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើសកម្មភាព គម្រោងប្រចាំថ្ងៃដើម្បីចៀសវាងបញ្ហាដែលអាចកើតមាន។ ក្រៅពីការពាក់ព័ន្ធនឹងការគ្រប់គ្រងទូទៅ ភាគីនីមួយៗត្រូវតែយកចិត្តទុកដាក់ជាពិសេសលើការការពារ និងកំណត់អត្តសញ្ញាណនៃការកេងបន្លំ ការវាស់ស្ទង់ទៅលើដំណើរការ ការគ្រប់គ្រងការផ្លាស់ប្តូរ ការបញ្ជាទិញ ការពិនិត្យមើលឡើងវិញ នូវរាល់វិក័យបត្រ សវនកម្មផ្ទៃក្នុង និងការគ្រប់គ្រងសាច់ប្រាក់។
ជំហាននៃការវេញបញ្ចូលគ្នាទៅក្នុងសម្ព័ន្ធអាជីវកម្ម
នៅពេលដែលគម្រោងមួយរៀបនឹងបញ្ចប់ វាជាពេលវេលាដែលគ្រប់ភាគីទាំងអស់នៃសម្ព័ន្ធអាជីវកម្ម គួរតែធ្វើការពិនិត្យលើការសហការឡើងវិញ ដើម្បីកំណត់នូវអ្វីដែលគួរតែពង្រឹងបន្ត ប្រសិនបើពួកគេមានបំណងចង់បង្កើតគម្រោងស្រដៀងគ្នានាពេលអនាគត។
សម្ព័ន្ធអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
សម្ព័ន្ធអាជីវកម្មភាគច្រើនត្រូវបានបញ្ចូលទៅក្នុងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលក្រុមហ៊ុនក្នុងស្រុកបានដាក់ធនាគារនូវកម្មសិទ្ធិដីរបស់ខ្លួនជាការចូលរួមចំណែក ហើយវិនិយោគិនបរទេស បាននាំមកនូវអ្នកជំនាញការសាងសង់ និងផ្តល់ថវិកាសម្រាប់គម្រោងសាងសង់។ ច្បាប់កម្ពុជា ទាមទារឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើជាម្ចាស់យ៉ាងហោចណាស់ ៥១% នៃភាគហ៊ុនក្នុងការធ្វើអាជីវកម្មរួមគ្នា ដោយសារតែរដ្ឋធម្មនុញ្ញតម្រូវឲ្យអង្គភាពរូបវន្តបុគ្គល ឬនីតិបុគ្គលកម្ពុជាជាម្ចាស់កម្មសិទ្ធិលើដីហើយនៅសល់ពីនេះទើបអាចគ្រប់គ្រងដោយភាគីបរទេសបានដំណើរការនេះមានភាពប្រហាក់ប្រហែលនឹងការបង្កើតពាណិជ្ជកម្មថ្មី។
ក្រុមហ៑ុន Muhibbah Engineering (កម្ពុជា)Co. Ltd គឺជាក្រុមហ៑ុនក្នុងស្រុក ដែលមានបទពិសោធជាងគេបំផុតក្នុងកិច្ចសន្យាសម្ព័ន្ធអាជីវកម្មនេះ។ ក្រោយពីក្លាយជាក្រុមហ៊ុនសម្ព័ន្ធជាមួយនិងក្រុមហ៊ុន Muhibbah Engineering ម៉ាឡេស៊ីក្នុងឆ្នាំ ១៩៩៥ ក្នុងការបង្កើតពាណិជ្ជកម្មលើវិស័យសំណង់ជាច្រើនប្រភេទដូចជា កន្លែងយកថ្មសំណង់ រោងចក្រលាយកៅស៊ូក្រាលថ្នល់ រោងចក្រលាយបេតុងចាក់ស្រេច និងបានឈានជើងចូលជាក្រុមហ៊ុនសម្ព័ន្ធទ្រង់ទ្រាយធំមួយ ដែលគេឲ្យឈ្មោះថា SCA ក្នុងឆ្នាំ ២០០១ ជាមួយក្រុមហ៑ុន VINCI ជាក្រុមហ៑ុនម៉ៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំមួយមកពីប្រទេសបារាំង ដើម្បីសាងសង់ និងដំណើរការអាកាសយានដ្ឋានអន្តរជាតិកម្ពុជា។ ខុសពីសម្ព័ន្ធអាជីវកម្មក្នុងស្រុកដទៃទៀត VINCI មានភាគហ៊ុន ៧០% ហើយ Muhibbah កាន់កាប់ភាគហ៊ុនដែលនៅសល់ នេះបើតាមកិច្ចចរចាររបស់ភាគីទាំងពីរ។
ទោះបីជាមានបទពិសោធន៍ជាមួយសម្ព័ន្ធអាជីវកម្មជាច្រើនក៏ដោយ ក៏លោកឧកញ៉ា ហាន់ ឃាង នាយកសហគ្រាស Muhibbah Engineering (កម្ពុជា) បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា ហិរញ្ញវត្ថុ នៅតែជាបញ្ហាគួរឱ្យឈឺក្បាលសម្រាប់សម្ព័ន្ធអាជីវកម្ម។
ជាក្រុមហ៑ុនមានពិសោធន៍ដ៏ចំណាស់ជាងគេក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលបានចូលរួមនៅក្នុងសម្ព័ន្ធអាជីវកម្មជាមួយ Muhhibah ម៉ាឡេស៊ី ក្នុងការសាងសង់រោងចក្រស្ករអំពៅ តម្លៃ២០០លានដុល្លារ ដើម្បីលើកទឹកចិត្តដល់សហគ្រាសក្នុងស្រុកក្នុងការពិចារណាបង្កើតសម្ព័ន្ធអាជីវកម្មជាមួយក្រុមហ៑ុនបរទេសអាចស្វែងរកប្រភពច្បាស់លាស់នៃបញ្ហា។ ជារឿយៗ គូភាគីបរទេសតែងចូលបណ្តាក់ទុនជាមួយសហគ្រាសក្នុងស្រុក មិនត្រឹមតែ មានប្រភពធនធាន និងបច្ចេកវិទ្យានោះទេ តែពួកគេក៏ត្រូវការចំណេះដឹងក្នុងស្រុកឲ្យបានទូលំទូលាយ និងបណ្តាញដែលអាចជួយដល់ពាណិជ្ជកម្មរបស់ពួកគេផងដែរ។ គាត់បានពន្យល់ថា ក្រុមហ៑ុនបរទេសត្រូវការដៃគូសហការដែលមានភាពជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដូច្នេះ ប្រសិនបើពួកគេផ្តល់ឲ្យយើងនូវភាគលាភបន្តិចបន្តួចបន្ថែមទៀត វានៅតែមិនច្រើនឡើយសម្រាប់ពួកគេ។ ជាមួយកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិយ៉ាងទូលំទូលាយ មានក្រុមហ៊ុនជាច្រើនមកពីប្រទេសចិន និងជប៉ុន បានសង្ឃឹមក្នុងការបង្កើតកិច្ចព្រមព្រៀងវិនិយោគទុនជាមួយគាត់ ប៉ុន្តែបែរជាមានការខកចិត្ត ដោយសារលោកមិនចាប់អារម្មណ៍នៅក្នុងសម្ព័ន្ធអាជីវកម្មបន្តទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែជួយសម្របសម្រួលការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាដូចធម្មតា។ Muhhibah បានបង្កើតឱកាសដល់ក្រុមហ៊ុនដែលចាប់អារម្មណ៍លើការបណ្តាក់ទុន ក្នុងការបង្កើតផ្លូវល្បឿនលឿននៅទីក្រុងភ្នំពេញក្នុងគម្រោងទឹកប្រាក់ ២០០លានដុល្លារ បន្ទាប់ពីឈ្នះការដេញថ្លៃកិច្ចសន្យាពីរាជរដ្ឋាភិបាល។
លោកឧកញ៉ា ហាន់ ឃាង បានឃ្លាំមើលអំពីភាពខ្វះខាតក្នុងការគ្រប់គ្រងទៅលើសម្ព័ន្ធអាជីវកម្មក្នុងការដេញថ្លៃក្នុងប្រទេសកម្ពុជាដែលអនុញ្ញាតឲ្យសហគ្រាសបរទេសងាយស្រួលក្នុងការដេញថ្លៃ និងឈ្នះដោយមិនបាច់មានការចូលជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មជាមួយក្រុមហ៑ុនក្នុងស្រុក ដែលជាញឹកញាប់សមត្ថភាពមានកំណត់។ គាត់ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីចែករំលែក ៩% នៃគម្រោងទៅកាន់សហគ្រាសក្នុងស្រុកនៅក្នុងការដេញថ្លៃសាងសង់ ដើម្បីឲ្យ សហគ្រាសបរទេសចូលជា សម្ព័ន្ធុអាជីវកម្មជាមួយក្រុមហ៑ុនក្នុងស្រុក ដោយឲ្យក្រុមហ៊ុនក្នុងស្រុកកាន់កាប់ ៥១% នៃតម្លៃគម្រោង។
គាត់បានពន្យល់ថា សម្ព័ន្ធអាជីវកម្មអាចទទួលបានជោគជ័យ ឬបរាជ័យគឺអាស្រ័យលើមូលធន ដែលភាគីទាំងអស់ដាក់វិនិយោគរួមជាមួយនិងពេលវេលាដ៏ល្អនៃការមកដល់របស់គូភាគី។
លោកបណ្ឌិត សុខ ស៊ីផាណា ជាដៃគូគ្រប់គ្រងនៃការិយាល័យមេធាវីនាំមុខគេ ឈ្មោះ SokSiphana&Associate បានជួយសហគ្រាសដែលកាន់កាប់អចលនវត្ថុជាច្រើន ក្នុងការបង្កើតសម្ព័ន្ធអាជីវកម្ម ជាមួយអ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ។ លោកបានបញ្ជាក់ថា សហគ្រាសជាច្រើនពឹងផ្អែកលើភាពជំនាញរបស់ការិយាល័យរបស់លោកដើម្បីរៀបចំរចនាសម្ព័ន្ធនៃសម្ព័ន្ធអាជីវកម្ម។ ឧទាហរណ៍ នៅក្នុងសម្ព័ន្ធអាជីវកម្មមួយ ការកាន់កាប់ភាគហ៊ុន និងទស្សនៈនៃការគ្រប់គ្រង និងភាពស្មុគស្មាញនៅក្នុងការរៀបចំ នៃអគារពាណិជ្ជកម្មពហុបំណង ត្រូវបានបញ្ចូលទៅក្នុងច្បាប់ ដើម្បីហាមប្រាម ភាពជាម្ចាស់ដីនៃអ្នកវិនិយោគបរទេស។
លោកបានបន្ថែមថា មានលិខិតុបករណ៍ជាក់លាក់ពីរដើម្បីធានាបាននូវកិច្ចព្រមព្រៀងដ៏រឹងមាំ និងគ្មានជម្លោះនៅក្នុងបរិបទសង្គមកម្ពុជា។ ទីមួយ គឺកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្ម ហើយទីពីរ គឺភាពលំអិតនៃកិច្ចព្រមព្រៀងនៃភាគីដែលកាន់កាប់ភាគហ៊ុន ប្រសិនបើកិច្ចព្រមព្រៀងក្នុងសម្ព័ន្ធអាជីវកម្មចុះលក្ខខណ្ឌនៅក្នុងដំណើរការក្រុមហ៊ុនមួយថ្មីដើម្បីអនុវត្តគម្រោងពាណិជ្ជកម្មអចលនទ្រព្យ។
លោកបានបន្ថែមទៀតថា ភាគីទាំងពីរមានជម្រើសក្នុងការសម្រេចចិត្តថា នៅពេលដែលពួកគេទាំងពីរចូលជាសម្ព័ន្ធអាជីវកម្ម គឺក្រុមហ៊ុនថ្មីមួយនោះគួរតែបង្កើតគោលបំណងច្បាស់លាស់ សម្រាប់ការអនុវត្ត និងការដោះស្រាយបញ្ហាអ្វីមួយនៅក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្ម។
លោកបានសង្កត់ធ្ងន់ថា ការព្រាងឲ្យបានច្បាស់លាស់នូវកិច្ចព្រមព្រៀងនៃគូភាគីដែលមានភាគហ៊ុន គឺដើម្បីកំណត់ឱ្យបានច្បាស់អំពីទំនាក់ទំនងរវាងភាគីដែលមានភាគហ៊ុន និងបញ្ជាក់ឱ្យច្បាស់ថាសម្ព័ន្ធអាជីវកម្មដែលត្រូវបានគ្រប់គ្រងនោះ គឺអាចមានការខាតបង់។ កិច្ចព្រមព្រៀងអាចជាអាវុធសំខាន់ ហើយមិនចំណាយថ្លៃក្នុងការដោះស្រាយជម្លោះ ដោយវាអាចដោះស្រាយបញ្ហា ឬក៏ធ្វើឱ្យមានដំណើរការបានរហ័ស។
ដើម្បីផ្តល់ដំណឹងដល់ក្រុមហ៊ុនអំពីកិច្ចព្រមព្រៀងវិនិយោគសម្ព័ន្ធអាជីវកម្មរួមមួយក្នុងការធានាឲ្យបានកិច្ចព្រមព្រៀងឈ្នះឈ្នះសម្រាប់ពួកគេ គាត់បានផ្តល់ដំបូន្មានអំពីការគ្រប់គ្រង ការរំពឹងទុក និងហានិភ័យ។ ចូលចំណាយពេលវេលាដើម្បីកសាងភាពជិតស្និទ្ធ ការជឿទុកចិត្ត និងទំនាក់ទំនង។ យើងត្រូវការពេលវេលាក្នុងការផ្សាភ្ជាប់វប្បធម៌ផ្សេងៗគ្នា និងវិធីគ្រប់គ្រងទាំងឡាយ។ ត្រូវទទួលស្គាល់ពីឧបសគ្គនៃភាសាផងដែរ។ លោកបាននិយាយថា ប្រសិនបើមិនដោះស្រាយដោយប្រុងប្រយ័ត្ននោះទេ បញ្ហាតូចៗទាំងអស់នេះនឹងអាចធ្វើឲ្យដួលរលំក្រុមហ៑ុនក្នុងសម្ព័ន្ធអាជីវកម្មរួមជាមិនខាន។
លោកបណ្ឌិត សាត ដារ៉ា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យមួយដែលមានចំណេះដឹងទូលំទូលាយ និងមានបទពិសោធនៅក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល និងសំណង់ឧស្សាហកម្មបានស្របនឹងមតិយោបល់របស់លោកបណ្ឌិត សុខ ស៊ីផាន់ណា។ លោកបាននិយាយថាកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មដែលសរសេរមិនច្បាស់លាស់ និងមិនត្រឹមត្រូវ គឺនៅតែជាប្រភពសំខាន់នៃជម្លោះ និងបង្កទោមនស្សដល់ភាគីទាំងអស់ និងអតិថិជន។
លោកបាននិយាយថា ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសរសេរយ៉ាងត្រឹមត្រូវ មិនលំអៀងទៅភាគីណាមួយនោះ វាគឺជារឿងល្អ។ ប៉ុន្តែបើកិច្ចព្រមព្រៀងនេះត្រូវបានសរសេរ ដើម្បីតម្រូវចិត្តក្រុមហ៊ុនបរទេស នោះភាគីក្នុងស្រុកនឹងត្រូវទទួលការខាតបង់ទាំងស្រុង ដូចដែលមានចែងនៅក្នុងកិច្ចសន្យាដោយសារតែយើងមិនមានស្ថាប័នស្របច្បាប់ណាមួយ ដែលអាចជួយដោះស្រាយភាពអយុត្តិធម៌ ក្នុងកិច្ចព្រមព្រៀងវិនិយោគទុនរួមគ្នានេះបានទេ។
ខណៈពេលដែលមានគោលការណ៍គ្រប់គ្រងជាក់លាក់នៅលើការបណ្តាក់ទុនរួមគ្នានៅក្នុង ប្រទេសអភិវឌ្ឍទាំងឡាយ យើងមិនទាន់មានគោលការណ៍ទាំងនោះនៅក្នុងប្រទេសកម្ពុជាឡើយ។ បើតាមលោកបណ្ឌិត សាត ដារ៉ា បានឲ្យដឹងថា មានគោលការណ៍ណែនាំគ្រប់គ្រងដោយឡែកក្នុងការត្រួតពិនិត្យការវិនិយោគទុនរួមគ្នានៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកទេ ប៉ុន្តែវាស្ទើរតែមិនមានប្រសិទ្ធភាពទាល់តែសោះ ។ មានតែក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុណ្ណោះ បានបង្កើតគោលការណ៍ណែនាំដេញថ្លៃប្រាក់បញ្ញើក្នុងធនាគារ និងតម្លៃកម្មសិទ្ធិសម្រាប់ក្រុមហ៊ុនដែលចង់បង្កើតកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មវិនិយោគទុនរួម។
លោកបណ្ឌិត សាត ដារ៉ា ស្នើក្រសួង និងសមាគមដែលគ្រប់គ្រងដោយឯកជន ដែលជាប់ពាក់ព័ន្ធទាំងឡាយ ដូចជាសមាគមអ្នកសាងសង់កម្ពុជា (CCA) ឲ្យបង្កើតលក្ខខណ្ឌសម្ព័ន្ធអាជីវកម្ម ឲ្យមានប្រសិទ្ធភាព ដែលអាចធានាអត្ថប្រយោជន៍ដល់ភាគីទាំងអស់ ព្រមទាំងអតិថិជនផងដែរ។ លោកបានជូនដំណឹងដល់អ្នកបណ្តាក់ទុនគ្រប់គ្នាឲ្យយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងព្រាង និងធនធានដែលបានចូលរួមចំណែកដោយភាគីនីមួយ។
លោកបានព្រមានថា ដោយសារតែយើងមិនមានក្របខ័ណ្ឌច្បាប់ដែលមានប្រសិទ្ធិភាពក្នុងការត្រួតពិនិត្យការបង្កើតក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនបរទេសអាចបង្កើតក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មមួយជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីលក់គម្រោងអចលនទ្រព្យ។ បន្ទាប់ពីពួកគេបានលក់ដាច់រួចរាល់ ពួកគេនឹងគ្រាន់តែ ដកយកលុយដោយគ្មានការសាងសង់វិញឡើយ ហើយជាធម្មតាការបាត់បង់នឹងធ្លាក់លើក្រុមហ៊ុនក្នុងស្រុក និងអតិថិជន។

