ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច
ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។
លោក អៀ សុផល មានប្រសាសន៍ថា៖ «ប្រជាជនមិនចង់ជាប់ក្នុងរថយន្តពេលស្ទះចរាចរណ៍នៅលើផ្លូវខូតខាតនោះទេ។ ពួកគេចង់បានបណ្តាញដឹកជញ្ជូនដែលនឹងបង្កើនតម្លៃផ្ទះរបស់ពួកគេ។ នៅក្រៅប្រទេសកម្ពុជា (ឬប្រទេសក្រៅ) ការរស់នៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីអាចបង្កើនតម្លៃផ្ទះ»។
ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីទើបតែធ្វើការបោះពុម្ភផ្សាយរបាយការណ៍ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើទីក្រុងនានានៅអាស៊ី។ ការបោះពុម្ភផ្សាយនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានប្រែប្រួលពី ៥,៩ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ ៥,៤ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៥.៥ ភាគរយ នៅឆ្នាំ ២០២o ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសផែនការសាងសង់រថភ្លើងអាកាសពីទីក្រុងភ្នំពេញដល់ពហុកីឡដ្ឋាន (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ក្នុងគោលបំណងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកម្ពុជាពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ ២០២៣។

