ការរៀបចំផែនការសម្រាប់អនាគត

លោក ហ៊ុន ចាន់សាន នាយកផ្នែករចនារបស់ក្រុមហ៊ុន Re-Edge Design + Architect និងជាសាស្ត្រាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យ Limkokwing បានចូលរួមចែករំលែកគំនិតរបស់គាត់ពាក់ព័ន្ធនឹងអនាគតនៃវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា។

សំណួរ៖ ប្លង់មេនគរូបនីយកម្មរបស់រាជធានីភ្នំពេញ ត្រូវបានដាក់បង្ហាញកាលពីឆ្នាំមុន ដើម្បីកំណត់តម្រង់ទិសក្នុងការអភិវឌ្ឍទីក្រុងរហូតដល់ឆ្នាំ ២០៣៥ ។ តើអ្វីដែលជាទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមានដែលលោកបានឃើញនៅក្នុងប្លង់មេនេះ ហើយអ្វីដែលលោកចង់ឃើញមានការផ្លាស់ប្តូរនៅក្នុងរាជធានីនេះ? តើវាជាការយឺតពេលទេដើម្បីអនុវត្តការផ្លាស់ប្តូរដ៏ពិតប្រាកដ?

ចម្លើយ៖ វាជាការលំបាកក្នុងការអត្ថាធិប្បាយលើប្លង់មេដោយគ្មានការអានលម្អិតពេញលេញអំពីប្លង់មេនេះ ប៉ុន្តែការមានប្លង់មួយ គឺជាការល្អប្រសើរជាងការគ្មានប្លង់ផែនការ។ ប្លង់មេសម្រាប់ទីក្រុងមួយ គឺមិនមែនគ្រាន់តែជាគោលការណ៍ណែនាំអំពីក្រាហ្វិក ឬវិធានសម្រាប់ការអភិវឌ្ឍនោះទេ វាគឺជាការសិក្សាហ្មត់ចត់នៃកំណើនសង្គម និងសេដ្ឋកិច្ចនៃទីក្រុងនេះ ទីក្រុងសម្រាប់អ្នកទាំងអស់គ្នា កំណើនក្រុមវណ្ណៈកណ្តាល កំណើនគ្រួសារ កំណើនចរាចរណ៍ និងកំណើនសម្ពាធសម្រាប់ជីវិតក្នុងទីក្រុង។ ខ្ញុំចង់ឃើញទីក្រុងភ្នំពេញជាទីក្រុងឆ្លាតវៃ ប្រសិទ្ធភាព និងជាកន្លែងមួយដែលមានតុល្យភាពរវាងជីវិត ការងារ និងគ្រួសារ។ ខ្ញុំមិនគិតថា វាជាការយឺតពេលដើម្បីការផ្លាស់ប្តូរទីក្រុងនេះ ដោយសារយើងនៅតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមការសាងសង់នៅឡើយ ទោះបីជាខ្ញុំសង្ឃឹមថានឹងបានឃើញអគារដែលមានការរចនា និងស្ថាបត្យកម្មល្អប្រសើរច្រើនជាងមុនក៏ដោយ។

សំណួរ៖ ឥឡូវនេះទីក្រុងនេះត្រូវបានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងទិសដៅទាំងអស់។ នៅក្នុងគំនិតរបស់លោក តើទិសដៅណាដែលល្អបំផុតសំរាប់តំបន់សួនឧស្សាហកម្ម ការអភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍?

ចម្លើយ៖ សម្រាប់យោបល់ខ្ញុំ របៀបដែលទីក្រុងរីកចម្រើននេះ ពឹងផ្អែកទៅលើប្រទេសជិតខាងរបស់កម្ពុជា និងសេដ្ឋកិច្ចពាណិជ្ជកម្ម។ រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល គឺស្ថិតនៅកណ្តាលនៃសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន ដែលធ្វើឲ្យកម្ពុជាក្លាយជាកន្លែងជួបប្រជុំនៃអាជីវកម្មជំនួញ។ ដោយសារតែចំណុចនេះ វាមិនមានបញ្ហាអ្វីទេ ដែលតំបន់ឧស្សាហកម្មមានការអភិវឌ្ឍនៅក្នុងទិសទាំងអស់ ប៉ុន្តែខ្ញុំចង់ឲ្យតំបន់ឧស្សាហកម្មនេះ អភិវឌ្ឍន៍ឆ្ពោះទៅរកភាគខាងត្បូង និងភាគខាងលិច ដោយសារតែនៅផ្នែកខាងនោះនៅមានកន្លែងទំនេរបន្ថែមទៀត សម្រាប់កំណើននៅក្នុងពេលអនាគត។

ចំពោះការអភិវឌ្ឍលំនៅដ្ឋាន វាអាស្រ័យលើប្លង់មេនៃគម្រោងអភិវឌ្ឍន៍នីមួយៗខ្លួនឯង។ ការអភិវឌ្ឍលំនៅដ្ឋានត្រូវតែពិចារណាលើរបៀបរស់នៅរបស់ប្រជាជន ការធ្វើដំណើរ និងស្ថានភាពចរាចរណ៍ជារួម។ ការអភិវឌ្ឍលំនៅដ្ឋាននីមួយៗ គួរតែមានភាពសម្បូរបែប មានប្រសិទ្ធិភាព និងបំពាក់ដោយអ្វីៗដែលមានភាពចាំបាច់ក្នុងជីវិត ដូច្នេះវាអាចកាត់បន្ថយតម្រូវការក្នុងការធ្វើដំណើរទៅវិញទៅមកចេញចូលទៅក្នុងកណ្តាលទីក្រុង។

សកម្មភាពពាណិជ្ជកម្មគួរកើតឡើងនៅក្នុងកណ្តាលទីក្រុង និងនៅទីតាំងជុំវិញទីក្រុងដែលតភ្ជាប់ទីក្រុងទៅតំបន់ជាយក្រុង។ តំបន់ពាណិជ្ជកម្មនៅក្នុងទីក្រុង គួរបំពេញតម្រូវការរបស់ប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ និងការធ្វើផែនការបៀបរបបរស់នៅ អាជីវកម្ម ដែលរួមបញ្ចូលទាំងធនាគារ ទីផ្សារ ការិយាល័យ សាលារៀន សារមន្ទីរ បណ្ណាល័យ ភោជនីយដ្ឋាន រោងភាពយន្ត និងផ្សារទំនើបជាមួយគ្នា។ សកម្មភាពពាណិជ្ជកម្មនៅជាយក្រុងនេះ នឹងបំពេញសម្រាប់ប្រជាជនក្នុងតំបន់ និងអ្នកដែលប្រើវាជាចំណុចឆ្លងកាត់មួយជាមួយអាជីវកម្មដូចជាសាខាតូចៗរបស់ធនាគារ អគារការិយាល័យកម្រិតទាប ផ្សារ មជ្ឈមណ្ឌលទិញទំនិញ ស្ថានីយឆ្លងកាត់ស្ថានីយចំណត និងកន្លែងលក់ដុំជាដើម។

ខ្ញុំតែងតែគិតថា រាជធានីភ្នំពេញត្រូវការអភិវឌ្ឍកន្លែងទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរនានា។ យើងមានតំបន់ប្រវត្តិសាស្ត្រ អគារ និងប្រវត្តិសាស្ត្រជាច្រើនរួចទៅហើយ ប៉ុន្តែយើងត្រូវការអ្វីដែលមានភាពស្របតាមសម័យកាលជាច្រើនទៀត ដូចជា សារមន្ទីរសិល្បៈសហសម័យ សារមន្ទីរសត្វព្រៃមេគង្គ វិទ្យាស្ថានភ្នំពេញសម្រាប់សម្តែងសិល្បៈ សួនអនុស្សាវរីយ៍ទំនើប ផ្លូវដើរមាត់ទន្លេ ផ្សារដើរនៃការិយាល័យប្រៃសណីយ៍ជាដើម។ សម្រាប់គំនិតរបស់ខ្ញុំ គេអាចមើលទៅក្នុងតំបន់ក្នុងទីក្រុង ដូចជា ជ្រោយចង្វារ និងតាមបណ្តោយតំបន់មាត់ទន្លេ។ ចំនុចប្រសព្វធំនៃផ្លូវលេខ ២៧១ និងផ្លូវ ៣៧១ អាចនឹងក្លាយជាកន្លែងល្អសម្រាប់សារមន្ទីរខ្នាតអន្ដរជាតិដោយសារតែវត្តមានរបស់វាទៅតាមផ្លូវនេះ កន្លែងមានការរីកចម្រើនក្នុងតំបន់បឹងទំពន់នៅពេលអនាគត និងជាកន្លែងសាងសង់វិទ្យាស្ថានស្លឹករឹតររបស់ Zaha Hadid នៅថ្ងៃអនាគត។

សំណួរ៖ តើការងាកមករកការរចនាតម្លៃទាប និងទ្រព្យសម្បត្តិតម្លៃទាប សម្រាប់អ្នកទិញដែលជាប្រជាជនថ្នាក់ កណ្តាល ជាចំណុចល្អមួយសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាបានដែរឬទេ? តើមានគុណភាពនៃការសាងសង់និងគុណភាពនៃជីវិតគ្រប់គ្រាន់ក្នុងការរចនាទាំងនេះទេ?

ចម្លើយ៖ វាជារឿងល្អមួយដែលសាងសង់លំនៅដ្ឋានមានតំលៃសមរម្យ ដោយសារតែភាគច្រើននៃចំនួនប្រជាជននេះគឺជាអ្នកដែលមានប្រាក់ចំណូលពីកម្រិតកណ្តាលទៅកម្រិតទាប។ ខ្ញុំមិនអាចនិយាយបានច្រើនអំពីគុណភាពសំណង់ ឬគុណភាពរស់នៅនោះទេ ដោយសារតែវាជាការឆាប់ពេកក្នុងការអត្ថាធិប្បាយ។ ទោះជាយ៉ាងណា ការកំណត់តម្លៃមិនគួរប៉ះពាល់ដល់លក្ខណៈវិនិច្ឆ័យទាំងពីរនេះទេ ដោយសារតែអាជ្ញាធរមូលដ្ឋានគួរធ្វើនិយ័តកម្មបញ្ហាទាំងនេះ ដើម្បីធ្វើឲ្យប្រាកដថាវាមានសុវត្ថិភាព អាចរស់នៅបាន និងត្រូវបានសាងសង់ឡើងក្នុងកម្រិតស្ដង់ដារ។

សំណួរ៖ តើការរចនាការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្លាយជាបៃតងឡើងជាងមុន? តើអ្វីដែលជាចំណុចសំខាន់ក្នុងការផ្ដល់អនុសាសន៍ដល់អតិថិជន : ការរចនាដែលមានតម្លៃទាប ឬការរចនាដែលមាននិរន្តរភាព?

ចម្លើយ៖ វាជាការលំបាកដើម្បីកំណត់ថា អ្វីមួយមានតម្លៃទាប ប៉ុន្តែមិនមាននិរន្តរភាព ឬមិនមានគុណភាពល្អ។ ខ្ញុំគិតថា ការអភិវឌ្ឍនាពេលអនាគតគួរតែជាការអភិវឌ្ឍឆ្លាតវៃ។ តើអ្វីដែលធ្វើឲ្យការអភិវឌ្ឍនោះមានភាពឆ្លាតវៃ គឺត្រូវតែបំពេញបាននូវលក្ខខណ្ឌនៃស្ថាបត្យកម្មទីក្រុង សិល្បៈនៃការរស់នៅ និងនិន្នាការពិភពលោក។ នៅក្នុងបរិបទនៃនគរូបនីយកម្ម អគារមួយដើរតួនាទីយ៉ាងជាមួយនិងបរិស្ថាននៅជុំវិញវា តម្លៃទីផ្សាររបស់វា និងផលប៉ះពាល់របស់វាទៅលើចរាចរណ៍ ឬវត្តមានរបស់វានៅលើដងផ្លូវមួយ។ អគារនេះក៏ត្រូវតែបំពេញបាននូវលក្ខខណ្ឌនៃបទប្បញ្ញត្តិស្តីពីការសាងសង់ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងអាគារ។ អគារនាពេលអនាគត គួរតែជាផ្នែកមួយនៃនិន្នាការជាសកលលោកផងដែរ ក្នុងនោះលក្ខណៈថាតើវាមាននិរន្តរភាពឬអត់ គឺជាផ្នែកមួយនៃនិន្នាការនេះ។ ដូច្នេះ ប្រសិនបើខ្ញុំអាចផ្តល់ដំបូន្មានដល់អតិថិជនណាមួយ អាគារដែលត្រូវបានរចនាឡើងដោយស្ថាបត្យកម្ម គឺក្នុងគោលបំណងសម្រាប់មនុស្សរស់នៅក្នុងអាគារ ហើយដែលត្រូវកំណត់ស្ដង់ដារសម្រាប់ការអភិវឌ្ឍថ្មីៗ។

សំណួរ៖ តើកម្ពុជាមានស្ថាបត្យករ វិស្វករ និងអ្នករចនា គ្រប់គ្រាន់កំពុងបម្រើការងារនៅក្នុងឧស្សាហកម្មសំណង់ឥឡូវនេះ? តើនិស្សិតដែលបញ្ចប់ការសិក្សាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើការងារប្រឹក្សាទាក់ទងនឹងការសាងសង់ ជាពិសេសក្រុមហ៊ុនបរទេសដែរឬទេ? តើវិស្វករក្នុងស្រុកមានសមត្ថភាពក្នុងការកសាងអគារដែលមានលក្ខណៈស្មុគ្រស្មាញទេ?

ចម្លើយ៖ ខ្ញុំមិនប្រាកដថាប៉ុណ្ណាដែលគ្រប់គ្រាន់នោះទេ ប៉ុន្តែខ្ញុំដឹងថាយើងនៅមានកម្រិតនៅឡើយ ហើយខ្លួនខ្ញុំផ្ទាល់ ក៏ស្ថិតក្នុងចំណោមនោះដែរ។ នេះជាអាជីពមួយដែលត្រូវតែចេញមកពីបេះដូងរបស់អ្នក និងមានចំណង់ចំណូលចិត្តខ្លាំង។ វាជាអាជីពមួយដែលតម្រូវឲ្យអ្នកមានការច្នៃប្រឌិត និងបច្ចេកទេសស្របពេលជាមួយគ្នាផងដែរ។ ពេលខ្លះការច្នៃប្រឌិត គឺជាអ្វីដែលអ្នកកើតយកមកជាមួយ ប៉ុន្តែបច្ចេកទេសវិញ គឺជាបទពិសោធន៍ដែលអ្នកទទួលបានតាមពេលវេលា។ មនុស្សជាច្រើនគិតថា ស្ថាបត្យករដឹងអ្វីគ្រប់យ៉ាង ស្ថាបត្យករគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលពួកគេបានគូរនៅលើក្រដាស ប៉ុន្តែពួកគេមិនបានដឹងថា វាជាការងារសហការគ្នាជាមួយអ្នកពិគ្រោះយោបល់ផ្សេងទៀតជាច្រើនទៀត ដើម្បីជួយពិនិត្យមើលគ្នាទៅវិញទៅមកមួយ ដើម្បីស្វែងរកនូវដំណោះស្រាយល្អមួយ។ ទាក់ទងនឹងសំណួរដែលថា តើវិស្វករក្នុងស្រុកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសាងសង់អគារស្មុគ្រស្មាញឬទេ? ហេតុអ្វីបានជាមិនមាន? វិស្វកម្មគឺស្រដៀងគ្នាទៅនឹងស្ថាបត្យកម្មដែរ ដោយវាជាអាជីពដែលត្រូវការសេចក្តីបញ្ជាក់ពីការងារ គម្រូវការងារ និងបទពិសោធជាច្រើនឆ្នាំ។ ប្រសិនបើនាពេលអនាគតការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍអគារស្មុគ្រស្មាញ យើងនឹងមើលឃើញពីភាពប្រសើរឡើងនៅក្នុងផ្នែកនេះផងដែរ។

សំណួរ៖ ក្នុងនាមលោកជាសាស្ត្រាចារ្យស្ថាបត្យកម្ម តើកម្មវិធីសិក្សាពាក់ព័ន្ធនឹងស្ថាបត្យកម្មរបស់សាកលវិទ្យាល័យក្នុងស្រុក មានលក្ខណៈខុសប្លែកយ៉ាងណាពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនៅក្នុងប្រទេសជិតខាង?

ចម្លើយ៖ បាទ គឺខុសគ្នាខ្លាំងណាស់។ ប្រសិនបើមិនទាក់ទងនឹងកម្មវិធីសិក្សាទេ វាអាចជាបញ្ហាចំនួនសាស្ត្រាចារ្យផ្នែកស្ថាបត្យកម្ម ឬជាបញ្ហាហិរញ្ញវត្ថុ។ យើងមានឧបសគ្គច្រើនសម្រាប់ការបើក និងគ្រប់គ្រងសាលារៀនដែលផ្តល់ការអប់រំស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជា។ នៅអាមេរិកដែលជាកន្លែងខ្ញុំបានសិក្សា មុខជំនាញស្ថាបត្យកម្មត្រូវបានចាត់ទុកថាជាមុខជំនាញសិក្សាមួយដែលមានតម្លៃថ្លៃបំផុត និងសិក្សារយៈពេលវែងបំផុតនៅក្នុងសាកលវិទ្យាល័យនេះ។ ស្ថាបត្យកម្មតម្រូវឲ្យមានសញ្ញាបត្រជំនាញវិជ្ជាជីវៈ ព្រោះថាវាជាអាជីពដែលការពារផលប្រយោជន៍ទូទៅ និងជាផ្នែកមួយនៃសុខុមាលភាពសង្គម ឬអាចនិយាយបានថា ស្ថាបត្យកម្មត្រូវការអប់រំវិជ្ជាជីវៈដូចគ្នានិងវិជ្ជាជីវៈមេធាវី ឬគ្រូពេទ្យដូចនោះដែរ។

ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសិក្សាផ្នែកស្ថាបត្យកម្មនៅកម្ពុជា យើងត្រូវមានទស្សនៈវិស័យ បេសកកម្ម និងគោលដៅច្បាស់លាស់ពីឯកជន ព្រមទាំងស្ថាប័នសាធារណៈ ប្រទេសត្រូវមើលឃើញវិស័យស្ថាបត្យកម្ម គឺជាអ្នកកសាងប្រទេសជាតិ សាលាត្រូវតែមានបំពាក់នូវបរិក្ខារគ្រប់គ្រាន់ដើម្បីបង្រៀន កម្មវិធីសិក្សាត្រូវមានគណកម្មការកំណត់ សញ្ញាប័ត្រត្រូវតែមានតម្លៃ និងសាធារណជនត្រូវតែត្រូវស្ថាបត្យករផងដែរ។

សំណួរ៖ សម្រាប់សិស្សនិស្សិតដែលមានបំណងចង់មានអាជីពនៅក្នុងឧស្សាហកម្មសំណង់ តើជំនាញ និងមុខវិជ្ជាអ្វីដែលលោកនឹងផ្តល់អនុសាសន៍ណែនាំឲ្យពួកគេពិចារណាសិក្សា? ហេតុអ្វី?

ចម្លើយ៖ វាអាស្រ័យលើអ្វីដែលចង់ធ្វើ។ ឧស្សាហកម្មសំណង់ មានភាពទូលំទូលាយណាស់ ប៉ុន្តែខ្ញុំជឿថាជំនាញ និងមុខវិជ្ជាទាំងនេះចាំបាច់បំផុត ក្នុងនោះមាន ការសិក្សាពីលទ្ធភាពអាចធ្វើបាន បច្ចេកវិទ្យាស្ថាបត្យកម្ម ការគ្រប់គ្រងការសាងសង់ បច្ចេកវិទ្យាសាងសង់ ការប៉ាន់អំពីបរិមាណ និងការត្រួតពិនិត្យគុណភាព។ មូលហេតុគឺដោយសារមុខវិជ្ជាទាំងនេះ ម្ចាស់គម្រោងមិនរកឃើញ ឬជួល ប៉ុន្តែវានឹងមានភាពចាំបាច់ក្នុងពេលអនាគតនៅពេលដែលមានការជំរុញស្ដង់ដារ។

សំណួរ៖ តើអ្វីជាការមើលឃើញរបស់លោកចំពោះវិស័យស្ថាបត្យកម្មរបស់ប្រទេសកម្ពុជា? តើកម្ពុជានឹងបាត់បង់អត្តសញ្ញាណស្ថាបត្យកម្មរបស់ខ្លួនឬទេ? តើវាគឺជាការល្អទេ ដែលមានរចនាបថស្ថាបត្យកម្មបរទេសសុទ្ធសាធនៅក្នុងទីក្រុងនេះ?

ចម្លើយ៖ ស្ថាបត្យកម្ម គឺជាដំណើរការនៃការផ្លាស់ប្តូរដូចយើងជាមនុស្សមួយដែរ យើងមានមានលក្ខណៈធម្មជាតិដែលស្មុគស្មាញដែលបន្តវិវត្ត តម្រូវការរបស់យើងមានការផ្លាស់ប្តូរ របៀបរស់នៅរបស់យើងមានការរីកចម្រើនហើយចិត្តគំនិតរបស់យើងចង់ស្វែងរកអ្វីដែលថ្មី។ មនុស្សសម្រេចពីប្រភេទនៃទំហំ និងអគារដែលពួកគេចូលចិត្តខុសគ្នាៗទាំងអស់។ មិនថាជាស្ថាបត្យករក្នុងស្រុក ឬស្ថាបត្យករបរទេសនោះទេ ពួកគេគួរតែមានការយល់ដឹងក្នុងកម្រិតមួយសមស្រប អំពីបរិបទក្នុងតំបន់ និងពិភពលោក នៅក្នុងគោលបំណងដើម្បីធ្វើឲ្យវាកើតឡើងនៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកមិនមែនគ្រាន់តែប្រទេសកម្ពុជា។

បើនិយាយពីអត្តសញ្ញាណស្ថាបត្យកម្ម ខ្ញុំមិនប្រាកដថា អ្វីដែលធ្វើឲ្យយើងទាំងអស់គ្នាជាខ្មែរ ថៃ អេហ្ស៊ីប សិង្ហបុរី ឬសូម្បីតែអាមេរិច? តើខ្មែរចាំបាច់ត្រូវមានកម្រិតព្រំដែនជារបស់ខ្មែរ? តើប្រជាជនខ្មែរត្រូវពាក់សម្លៀកបំពាក់ខ្មែរ? សម្រាប់ខ្ញុំ ដើម្បីរក្សាអត្ដសញ្ញាណស្ថាបត្យកម្មខ្មែរ គឺជាការយល់ដឹងអំពីបរិយាកាសក្នុងស្រុក សម្ភារក្នុងស្រុកកម្លាំងពលកម្មក្នុងស្រុក វប្បធម៍ក្នុងស្រុក ប្រជាជន និងអ្វីផ្សេងទៀតរួមបញ្ចូលគ្នា។

- Video Advertisement -