ការលក់របស់ BOSCH ក្នុងឆ្នាំ ២០១៥ កើនលើស ៧០ពាន់លានអឺរ៉ូ
ក្រុមហ៊ុន Robert Bosch ដែលជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យា និងសេវាកម្ម បានប្រកាសពីការកើនឡើងពីការលក់របស់ខ្លួនក្នុងឆ្នាំ ២០១៥ លើសពី ៧០ពាន់លានអឺរ៉ូ ដែលនេះជាលើកទីមួយក្នុងប្រវត្តិនៃការលក់របស់ក្រុមហ៊ុននេះ នាំឲ្យកំណើននៃការលក់សម្រាប់ឆ្នាំ ២០១៥ កើនឡើង ១០% លើសឆ្នាំ ២០១៤ ដែលមានត្រឹម ៦៥ពាន់លានអឺរ៉ូ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនកាលពីដើមខែកុម្ភៈ កំណើននៃការលក់ប្រែប្រួលក្នុងចំណោមអាជីវកម្មទាំងបួនរបស់ក្រុមហ៊ុន និងដែលនាំមុខដោយការផ្តល់ដំណោះស្រាយជាច្រើនរបស់ក្រុមហ៊ុនសម្រាប់ពិភពលោក។
ការលក់យានយន្តបានកើនឡើង ១២% ក្នុងទឹកប្រាក់ ៤១.៧ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ 2015 បើទោះបីកំណើននៅក្នុងការផលិតយានយន្តក្នុងពិភពលោកមានបញ្ហាក៏ដោយ។ ការលក់សម្រាប់អាជីវកម្មទំនិញប្រើប្រាស់វិញបានកើនឡើង ៩.៣% ក្នុងទឹកប្រាក់ ១៧.២ ពាន់លានអឺរ៉ូ។ ផលិតផលលក់ដាច់បំផុតក្នុងអាជីវកម្មនេះរួមបញ្ចូលឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនីឥតខ្សែ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ដូចជាចង្ក្រានអគ្គិសនីជាដើម។
ចំណែកវិស័យអាជីវកម្មថាមពល និងបច្ចេកវិទ្យាសំណង់វិញ មានកំណើន ១១% ក្នុងនោះមានជាចម្បងគឺផ្នែកសេវាកម្មប្រព័ន្ធសន្តិសុខសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ និងដំណោះស្រាយចំពោះកម្តៅឆ្លាតវៃ។
ដោយឡែក អាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាឧស្សាហកម្មនៅតែបន្តទទួលរងគ្រោះពីភាពទន់ខ្សោយនៅក្នុងផ្នែកវិស្វកម្មមេកានិចសកល ដែលជាលទ្ធផលមានការធ្លាក់ចុះការលក់ ១.៧% ធៀបនឹងឆ្នាំមុន។ ផ្នែកបច្ចេកវិទ្យាផ្ទុកទិន្នន័យ និងគ្រប់គ្រងវិញ បានដួលរលំនៅក្នុងផ្នែកសំខាន់នៃទីផ្សារវិស្វកម្មមេកានិចក្នុងឆ្នាំ ២០១៥ ។
សម្រាប់ប្រតិបត្តិការអាជីវកម្មតាមតំបន់វិញ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Bosch នៅអឺរ៉ុប ការលក់មានកំណើន ៤.២% នៅអាមេរិកខាងជើងមានកំណើន ២៤% និងនៅអាស៊ីប៉ាស៊ីហ្វិចមានកំណើន ១៦% ប៉ុន្តែមានការធ្លាក់ចុះ ១៣% នៅអាមេរិកខាងត្បូង។ ជាមួយគ្នានេះដែរ នៅទ្វីបអាហ្វ្រិក ក្រុមហ៊ុន Bosch នៅតែមានសក្តានុពលរយៈពេលវែងសម្រាប់អាជីវកម្មនៅទីនោះ។
សម្រាប់ឆ្នាំ ២០១៦ ក្រុមហ៊ុន Bosch ព្យាករណ៍ឃើញកំណើនក្នុងកម្រិតមធ្យមគឺ ២.៨% សម្រាប់សេដ្ឋកិច្ចសកល។ ភូមិសាស្ត្រនយោបាយ និងស្ថានភាពនៅក្នុងឆ្នាំ ២០១៦ នឹងនៅតែស្មុគស្មាញ និងស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុន Bosch នៅតែចង់បន្តនិន្នាការកំណើនរបស់ខ្លួននៅក្នុងឆ្នាំនេះ និងកើនឡើងលឿនជាងគូប្រជែងនានារបស់ខ្លួន។
ដើម្បីដោះស្រាយជាមួយភាពមិនច្បាស់លាស់នេះ ក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការផ្តល់នូវដំណោះស្រាយដោយផ្សារភ្ជាប់ចល័តភាព ការផ្សារភ្ជាប់ផលិតកម្ម ការផ្សារភ្ជាប់ប្រព័ន្ធថាមពល និងសំណង់អាគារ។ នេះនាំឲ្យមានការដាក់ចេញនូវដំណោះស្រាយថ្មីនានានៅក្នុងតំបន់នេះកាលពីឆ្នាំមុន។
ដូចដែលបានព្យាករណ៍ អ្នកប្រើប្រាស់តាមផ្ទះប្រមាណ ២៣០ លាន ឬ ១៥ ភាគរយនៃអ្នកប្រើប្រាស់តាមផ្ទះទាំងអស់ទូទាំងពិភពលោកនឹងត្រូវបានបំពាក់ដោយដំណោះស្រាយឆ្លាតវៃនៅឆ្នាំ ២០២០ ដូច្នេះ ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនកំពុងផ្តោតទៅលើការតភ្ជាប់បច្ចេកវិទ្យា និងប្រព័ន្ធដែលផ្តល់នូវ ផាសុខភាពតាមរយះបទពិសោធន៍ជាមួយអ្នកប្រើប្រាស់។
ដោយឡែកចាប់តាំងពីការចូលមកក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០១០ ក្រុមហ៊ុន Bosch បានកត់ត្រាកំណើនពីរខ្ទង់ទ្វេដង។ សាខាក្រុមហ៊ុននៅកម្ពុជាក៏បានចេញរបាយការណ៍ប្រចាំឆ្នាំនៅខែកក្កដានេះដែលរំពឹងទុកថាកំណើនពីរខ្ទង់នឹងនៅដដែល។ បច្ចុប្បន្នក្រុមហ៊ុន Bosch មានអាជីវកម្មចំនួនបួនផ្នែកនៅក្នុងប្រទេសកម្ពុជា ដែលរួមមានផ្នែកទីផ្សារគ្រឿងបន្លាស់រថយន្ត ផ្នែកឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី ផ្នែកប្រព័ន្ធសន្តិសុខ និងផ្នែកបច្ចេកវិទ្យារក្សាកំដៅ។ ភាគច្រើននៃកំណើនការលក់នេះ គឺក្នុងផ្នែកឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី និងប្រព័ន្ធសន្តិសុខ។
លោក André de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុន Bosch កម្ពុជា និងជាប្រធានការិយាល័យតំណាងនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កំណើនរបស់ក្រុមហ៊ុន Bosch ក្នុងប្រទេសកម្ពុជា គឺលឿនជាងទីផ្សារក្នុងប្រទេសជិតខាងរបស់ខ្លួន។ លោកសង្ឃឹមថាក្រុមហ៊ុនមេនឹងសម្រេចបង្កើតរោងចក្រមួយនៅទីនេះក្នុងពេលណាមួយនាពេលអនាគត ប៉ុន្តែសម្រាប់ជំហានដំបូងពេលនេះយើងផ្តោតទៅលើការចែកចាយ មិនទាន់ផ្តោតលើការផលិតនៅឡើយទេ។

