ការស្ដារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនិងសៀមរាប គ្រាន់តែជាជំហានតូចមួយនៃផែនការធំរបស់រដ្ឋប៉ុណ្ណោះ
អ្នកវិភាគបានឱ្យថា គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ នៅខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប គ្រាន់តែទិសដៅគំរូ ឬ Model តូចមួយ នៃផែនការមេរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋាសម្ព័ន្ធប្រទេសនោះទេ ព្រោះនៅពេលអនាគតរដ្ឋាភិបាលគ្រោងអភិវឌ្ឍដូចគ្នាសឹងគ្រប់ខេត្ត។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងក្នុងកិច្ចពិភាក្សាសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា នេះថា៖ «ដំបូងរដ្ឋាភិបាល ចាប់ផ្ដើមនៅខេត្តព្រះសីហនុជាខេត្តគំរូ ពោលគឺជាការសាកល្បង។ តែដោយសារវិបត្តិកូវីដ មិនសូវមានភ្ញៀវទេសចរធ្វើដំណើរ ជាឱកាសធ្វើឱ្យគម្រោងសាងសង់ចំណាយពេលមិនដល់១ឆ្នាំផង»។
លោកបានបន្តទៀតថា៖ «ដោយឃើញគំរូនៅខេត្តព្រះសីហនុ ធ្វើឱ្យរាជរដ្ឋាភិបាលបន្តទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប។ ក្នុងវិបត្តិកូវីដបែបនេះ មិនសូវមិនភ្ញៀវ ធ្វើផ្លូវស្រួល ចប់កូវីដសៀមរាបគឺស្អាតតែម្ដង»។
លោកបន្តថា ទាំង ២ ខេត្តនេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃផែនការអភិវឌ្ឍមេរបស់រដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺនឹងមានគម្រោងបែបនេះស្ទើរគ្រប់ខេត្តនាពេលអនាគត ឧទាហរណ៍ដូចជា ខេត្តកំពង់ស្ពឺ និងកណ្ដាល។
ក្រៅពីជាការជួយធ្វើឱ្យប្រទេសមានប្រព័ន្ធដឹកជញ្ជូនដ៏ល្អនៅពេលអនាគត ការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល ទោះបីនៅក្នុងអំឡុងកូវីដ ក៏ជាកត្តាសំខាន់មួយជួយទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះផងដែរ។ (អានបន្ថែម)
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ជាធម្មតា ដីឡើងថ្លៃភាគច្រើនគឺដោយសារទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ធំៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ ដូច្នេះ បើរដ្ឋាភិបាលនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងនានា ដីក៏មិនធ្លាក់ថ្លៃដែរ។
គួរបញ្ជាក់ផងដែរថា គម្រោង៣៤ខ្សែ នៅខេត្តព្រះសីហនុបានបញ្ចប់ការសាងសង់ស្ទើរទាំងស្រុងហើយ។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងសាងសង់ផ្លូវ១១ខ្សែបន្ថែមទៀត ដែលចំណាយទន់ក្នុងការកសាងចំនួន ១០០លានដុល្លារ។ (អានបន្ថែម)
ដោយឡែក បើគិតត្រឹមថ្ងៃទី ១២ ខែមករា នេះ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ សម្រេចបានប្រមាណ ១៤,២៧% ហើយ ដោយនេះរួមបញ្ចូលទាំងការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន។ (អានបន្ថែម)
- Video Advertisement -