ការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន ៥៥% ហើយ

គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨ គម តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៣។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងបានចុះត្រួតពិនិត្យការងារសាងសង់កាលពីពេលថ្មីៗនេះ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស ប្រកបដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។

គម្រោងនេះបានប្រើប្រាស់ថវិកាសាងសង់ ១៨៨ លានដុល្លារ ដោយរួមមានការសាងសង់ស្ពានចំនួន ២៨កន្លែងប្រវែងសរុប២ ៩២៤,៤៦ម៉ែត្រ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលជួយលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕

- Video Advertisement -