ការអភិវឌ្ឍផ្លូវក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពបន្ត ទោះប្រឈមស្ថានភាពឆ្លងកូរ៉ូណា

ការរីករាលដាលនៃ ជំងឺកូវីដ ១៩ មិនបានធ្វើអោយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ រាំងស្ទះដំណើរការនោះទេ។ សកម្មភាពអនុវត្តគម្រោងមួយចំនួនរបស់រដ្ឋាភិបាល ជាក់ស្តែង គឺប្រតិបត្តិការសាងសង់ផ្លូវលេខ ៤០០ ក្បែរឆ្នេរអូរឈើទាល នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដដែល។

រឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះ កាលពីថ្ងៃទី ៣០ មិនា ២០២០ ថ្មីៗនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការស្ថាបនាផ្លូវនេះ ដែលជាផ្លួវមួយស្ថិតក្នុងគម្រោងផ្លូវទីក្រុងទាំង ៣៤ ខែ្ស នៃខេត្តព្រះសីហនុ ដែលត្រូវស្ថាបនា។

លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់អោយដឹងថា ការស្ថាបនាផ្លូវដែលស្ថិតនៅក្នុងគម្រោងនេះ បើគិតជារួមមកគឺ សម្រេចបានប្រមាណ ៥៥ % ហើយ គិតត្រឹមចុងខែ មីនា នេះ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវទីក្រុងទាំង ៣៤ ខ្សែនេះ មានក្រុមហ៊ុនឯកជនទទួលគម្រោងស្ថាបនា សរុបទាំងអស់ ៨ ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងតែពន្លឿនការងារសាងសង់ទាំងថ្ងៃ ទាំងយប់ ដើម្បីបញ្ចប់គម្រោង ឱ្យហើយរួចរាល់តាមផែនការដែលបានកំណត់ ។

គួររម្លឹកដែរថា គម្រោងនៃការស្ថាបនាផ្លូវចំនួន ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងចំណាយថវិកាប្រមាណ ២៩៤លានដុល្លារ សហរដ្ឋអាមេរិក៕ (អានបន្ថែម)

- Video Advertisement -