កិច្ចប្រជុំ ACF នឹងត្រូវផ្អាក ខណៈកម្មវិធីទំនាក់ទំនងធុរកិច្ចរបស់ CCA ក៏អាចនឹងផ្អាកផងដែរ
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ACF Council Meeting ត្រូវបានផ្អាកដើម្បីបង្កាការរីករាលដាលនៃជំងឺឆ្លងសកលកូវីដ១៩ ខណៈនេះដែរសមាគមអ្នកសាង សង់កម្ពុជា ឬ CCA ក៏អាចនឹងមិនបន្តរៀបចំកម្មវិធីទំនាក់ទំនងធុរកិច្ចប្រចាំឆ្នាំរបស់ខ្លួនផងដែរ។
ACF Council Meeting គឺជាកិច្ចប្រជុំរៀងរាល់ឆ្នាំដែលផ្តល់ឱកាសឲ្យសមាជិករបស់ខ្លួនដែលរួមមាន CCA ធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យសំណង់នៅតាមប្រទេសនីមួយៗក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក៏ប៉ុន្តែ ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ រិតតែខ្លាំងឡើងៗ នៅទូទាំងសកលលោក ដោយមិនមានការថមថយទាល់តែសោះ ហេតុដូច្នេះកិច្ចប្រជុំដែលគ្រោងនឹងរៀបចំ ឡើងនៅថ្ងៃទី ២៣ ដល់ ២៤ ខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ នៅប្រទេសមីយ៉ានម៉ា នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។
ស្របពេលជាមួយគ្នាដែរ ដោយសារភាពមិនច្បាស់លាស់នៃស្ថានភាពនាពេលបច្ចុប្បន្ន និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវមួយនេះ CCA សម្រេចថានឹងផ្អាកកម្មវិធីមួយចំនួនដូចជា ទំនាក់ទំនងធុរកិច្ចរបស់ខ្លួន ដែលជាទូទៅតែងតែរៀបចំឡើងក្នុងអំឡុងខែមេសា ឬ ឧសភាខាងមុខនេះផងដែរ។
ជារៀងរាល់ឆ្នាំ សមាគមតែងតែរៀបចំកម្មវិធីទំនាក់ទំនងធុរកិច្ចដែល ផ្តល់ឱកាសឲ្យសមាជិករបស់ខ្លួនជួបជុំគ្នាដោយផ្ទាល់ ធ្វើការទំនាក់ទំនង និងស្វែងរកកិច្ចការងារបន្ថែមពីការផ្គត់ផ្គង់ និងតម្រូវការនៃសម្ភារសំណង់ក្នុងទីផ្សារកម្ពុជា។
សមាគមនឹងកំណត់កាលបរិច្ឆេទនៃកម្មវិធីនេះជាថ្មីនៅពេលដ៏សមស្របណាមួយនាពេលខាងមុខនេះ។
សម្រាប់កម្មវិធីពិព័រណ៍ប្រចាំឆ្នាំវិញ សមាគមកំពុងធ្វើការសិក្សាថាត្រូវបន្ត ឬយ៉ាងណា ក៏ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូរ ឬយ៉ាងណានោះ ខាងសមាគមនឹងផ្តល់ជាព័ត៌មានជាក់លាក់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន និងបណ្តាយសង្គមផ្សេងៗទៀត។

